ជាការពិតណាស់ ជារឿយៗ គេតែងតែឃើញធម្យោបាយដឹកជញ្ជូន ជាពិសេសអ្នកបើកកង់បីរបស់ក្រុមហ៊ុនក្រុមហ៊ុនវីរៈប៊ុនថាំ ពុំត្រឹមបើកបរក្នុងទីក្រុង ឬទីប្រជុំជនលឿនទេ គឺថែមទាំងបើកវ៉ាជែងដ៏ឈ្លើយៗទៀតផង ដោយមិនខ្វល់ថានឹងអាចបង្កគ្រោះថ្នាក់ ឬក៏ប៉ះពារគេឯងសោះឡើយ។
ជាក់ស្តែង ថ្មីៗនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម កំពុងផ្ទុះការចែករំលែកវីដេអូបង្ហាញសកម្មភាពអ្នកបើបបរកង់បីដឹកអីវ៉ាន់ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបើកបរមិនគោរពច្បាប់ ដោយបានបើកប្រជ្រៀតវ៉ាជែង គ្មានមើលឧបសគ្គខាងមុខ ខណៈស្ថានភាពផ្លូវកំពុងកកស្ទះនោះទេ។ ជាលទ្ធផល កង់បីដឹកអីវ៉ាន់បើកបរដ៏ឈ្លើយនោះ ក៏បានជាប់កឿងនឹងដើមឈើទៅមុខលែងរួច ហើយថែមទាំងស្ទើរតែប៉ះនឹងឡានគេដែលកំពុងបើកបរក្បែរនោះទៀតផង។
យ៉ាងណាមិញ ក្រោយវីដេអូនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ឃើញថាមានមហាជនជាច្រើន បានបញ្ចេញមតិរិះគន់ផ្សេងៗគ្នា។ ក្នុងនោះ ពលរដ្ឋម្នាក់បានដាក់ចំៗបែបនេះថា «ពួកហ្នឹងមិនថាឡាន មិនថាកង់បីទេ បើកបរឈ្លើយសឹងតែ៨០%ហើយ មិនដឹងថា ខាងក្រុមហ៊ុនដឹងអត់ ឬក៏ធ្វើមិនដឹង!»។ ខណៈពលរដ្ឋម្នាក់ទៀតក៏បានបញ្ចេញឲ្យដឹងដែរថា «ឃើញរហូតហ្នឹងអាអ្នកដឹកក្រុមហ៊ុនហ្នឹង ឈ្លើយណាស់ ង៉ៃមុនស្តុបបឹងកក់ វាជិះខុសភ្លើងទេ តែចង់បុកយើងម៉ង ហើយឌឺដាក់ទៀត ល្មមមើលដុះក្អែលចេញម្តងហើយ»។ រីឯពលរដ្ឋម្នាក់ទៀត ក៏បានសម្តែងការហួសចិត្តថា «រាល់ថ្ងៃឃើញបើកបរតែរបៀបចឹងៗ មិនដឹងអាងអីទេ ម្ចាស់ក្រុមហ៊ុនគួរមើលផង»។
តែទន្ទឹមនឹងមហាជនជាច្រើន ផ្ទុះការរិះគន់ជាទូទៅ ទៅលើអ្នកបើកបរក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរឈ្លើយៗមិនគោរពច្បាប់បែបនេះ ចាំមើលថា តើក្រុមហ៊ុននឹងមានចំណាត់ការយ៉ាងណា ជាពិសេសចំពោះអ្នកបើកបរកង់បីដឹកអីវ៉ាន់រូបនេះ!៕




