ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសាទរភាពជោគជ័យថៃលើការបង្ក្រាបបទល្មើសឆបោក ប៉ុន្តែសម្តេចសោកស្តាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ បែរជាចាត់ទុកវាថា ជាបរាជ័យរបស់ប្រទេសជិតខាង រាប់ទាំងកម្ពុជា ទៅវិញ។
តាមហ្វេសប៊ុកនាយប់ថ្ងៃសៅរ៍ទី១មីនានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា “មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព”៕ រក្សាសិទ្ធដោយ៖សុទ្ធលី







