ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ពិធីប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក នៅតំបន់ប្រតិបត្តិការសឹករងកណ្តល។
កិច្ចប្រជុំផ្សព្វផ្សាយការងាររួមមាន៖ ការបង្កើតអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌ យោធភូមិភាគពិសេស និងសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ។
-សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើស ពលទាហានថ្មី
-សេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ក្នុងការជ្រើសរើស ពលទាហានថ្ឦី បំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក
-សេចក្តីសម្រេចរបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទស្តីពីការជ្រើសរើសពលទាហានថ្មី
-សេចក្តីសម្រេចរបស់កងទ័ពជើងគោក ស្តីពីការជ្រើសរើសពលទាហានថ្មី និងសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ភាពមិនប្រក្រតីក្នុងដំណើរការជ្រើសរើស យុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញកបខ័ណ្ឌឱ្យកងទ័ពជើងគោក ។
អញ្ជើញមានប្រសាសន៍ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ពីគោលបំណងប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឱ្យយោធភូមិភាគពិសេស កងទ័ពជើងគោក នាពេលនេះ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក និងផ្តល់ឱកាសដល់យុវជនចូលបម្រើជាតិមាតុភូមិ ។
ឯកឧត្តម គួច ចំរើន បានបន្តថា ដើម្បីការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឱ្យយោធភូមភាគពិសេសនេះមានតម្លាភាព និងសុក្រិត្យភាព ស្របតាមនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា < រើសឲ្យត្រូវ ថែឲ្យនៅ > គ្រប់តួអង្គពាក់ព័ន្ធត្រូវ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីប្រៀបការពារជាតិរបស់យើងបានរឹងមាំ ។ ក្នុងន័យនេះ ឯកឧត្តម គួច ចំរើន បានសំណូមពរដល់អនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌ យោធភូមិភាគពិសេស កងទ័ពជើងគោក និងដាក់បទបញ្ជាដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាកត្រូវសម្រួលផ្តល់ឯកសារគ្រប់ទំរង់ដល់យុវជន ឲ្យបាន លឿន រហ័ស ទាន់ពេលវេលា ជាក់លាក់ តាមច្រកចេញចូលតែមួយ ។
សូមជម្រាបជូនថា៖ តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទ័ពជើងគោក បេក្ខជនដែលមានទីលំនៅ បច្ខុប្បន្នក្នុងភូមិសាស្រ្តខេត្តចំណុះយោធភូមិភាគ អាចទទួលពាក្យ និងដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌកងទ័ពជើងគោកក្នុងទីតាំងជ្រើសរើសនៃភូមិសាស្រ្តយោធភូមិភាគនោះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








