ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងសងដូចតទៅ៖
ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ
មាត្រា១..ច្បាប់នេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬ បដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការ នីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា “អ.វ.ត.ក.” ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
មាត្រា២..អ.វ.ត.ក. ត្រូវបានបង្កើតឡើងដោយច្បាប់កម្ពុជា និងដោយផ្អែកតាមកិច្ចព្រមព្រៀងរវាងអង្គការ សហប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់សេចក្តីមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និង ជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌ កម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញា អន្តរជាតិដែលកម្ពុជាទទួលស្គាល់ ហើយដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន អ.វ.ត.ក. ដែលមានសមាសភាពព្រះរាជអាជ្ញា និងចៅក្រមចម្រុះខ្មែរ និងបរទេស បានចេញសាលដីកាស្ថាពរចំនួន ៣ (បី) រួមមាន សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងសំណុំរឿងលេខ០០១ សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ០០២/០១ និងសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ០០២/០២។
ផ្អែកតាមសាលដីកាព្រហ្មទណ្ឌស្ថាពរទាំងបីខាងលើ អ.វ.ត.ក. បានរកឃើញនូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែល ត្រូវបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩។
មាត្រា៣..រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើក តម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយ សេចក្តីសម្រេចស្ថាពររបស់ អ.វ.ត.ក. ដូចមានចែងក្នុងកថាខណ្ឌទី៣ នៃមាត្រា២ នៃច្បាប់នេះ គឺជាបទមិន ទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តជាសាធារណៈ តាមមធ្យោបាយណាមួយ ដូចខាងក្រោម៖
១-តាមសំដីឬកាយវិការ ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈឬនៅក្នុងសាលប្រជុំសាធារណៈ។
២-តាមលិខិតឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល។
៣-តាមបណ្តាញសង្គមឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល។
មាត្រា៤..ចំពោះបទល្មើសខាងលើ ទោសបន្ថែមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចខាងក្រោម អាចត្រូវបាន
ប្រកាស៖
១-ការដកសិទ្ធិខ្លះជាពលរដ្ឋ។
២-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណា ដែលបទល្មើសនោះបានប្រព្រឹត្តនៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ។
៣-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស។
៤-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៥-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍។
មាត្រា៥..នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុង ក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៣នៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី៥០ ០០០ ០០០ (ហាសិបលាន) រៀល ទៅ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ព្រមទាំងទោស បន្ថែមមួយឬច្រើនដែលមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
មាត្រា៦..ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានមុនការចូលជាធរមាននៃច្បាប់នេះ ត្រូវបាត់បង់អានុភាព និងត្រូវជំនួសដោយច្បាប់នេះ។ បទប្បញ្ញត្តិដែលកំណត់អំពីបទល្មើសដូចមានកំណត់នៅក្នុងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាព ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានមុនការចូលជាធរមាននៃច្បាប់នេះ ត្រូវបន្តមានអានុភាពអនុវត្តក្រោយការអនុវត្តនៃច្បាប់នេះ ចំពោះបទល្មើសដែលត្រូវបានប្រព្រឹត្តមុនពេលច្បាប់នេះចូលជាធរមាន។
មាត្រា៧..ច្បាប់នេះត្រូវបានប្រកាសជា ការប្រញាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




