ភ្នំពេញ ៖ អូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី៖“យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយ
គុណភាពខ្ពស់ និងចីរភាព” នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និសីទនេះមានការចូលរួមពីសំណាក់មន្ត្រីរាជការ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០នាក់ ដើម្បីពិភាក្សា អំពីអាទិភាពក្នុង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។សន្និសីទចក្ខុវិស័យប្រទេសកម្ពុជានេះត្រូវបានប្រារព្ធឡើង នៅសណ្ឋាគារ សុខាភ្នំពេញថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ។
គណៈប្រតិភូថ្នាក់កំពូល រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយរដ្ឋមន្ត្រី បីរូបទៀត រួមទាំង លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
អ្នកចូលរួមក្នុងសន្និសីទ នេះ ពិភាក្សាអំពីបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រ ក្នុងការជំរុញកំណើន និង ការអភិវឌ្ឍរបស់កម្ពុជា។ សន្និសីទនេះក៏មានរួមបញ្ចូល នូវប្រធានបទពិភាក្សាសំខាន់ៗ ទាក់ទងនឹងរបៀបវារៈ កំណែទម្រង់់ ដើម្បីធានា បាននូវកំណើន ដែលមានគុណភាពខ្ពស់ និងរយៈពេលវែង អភិបាលកិច្ចល្អ ការពង្រឹងស្ថាប័ន ការចូលរួមពីវិស័យឯកជន និងការអនុវត្តគោលនយោបាយអោយមានប្រសិទ្ធភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ដេរិក យីប បានមានប្រសាសន៍ថា “អូស្ត្រាលីមានសេចក្តីរីករាយក្នុងការគាំទ្រកិច្ចពិភាក្សាសំខាន់ៗទាំងនេះ ដើម្បីកំណត់អាទិភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន នៅកម្ពុជា។ សន្និសីទ ចក្ខុវិស័យកម្ពុជា គឺជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំអ្នកជំនាញ និងអ្នកមានតួនាទីធ្វើការសម្រេចចិត្តលើ គ្រប់វិស័យ ដើម្បីពិភាក្សាគ្នាលើយុទ្ធសាស្ត្រ និងមធ្យោបាយសមស្របសម្រាប់ការគាំទ្រកំណើនប្រកបដោយភាពរឹងមាំ និងភាពធន់នៅកម្ពុជា”។
លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI បានមានប្រសាសន៍ថា “កម្ពុជាកំពុងឈានដល់ ដំណាក់កាលសំខាន់មួយ ខណៈដែលកម្ពុជាកំពុងឆ្លងកាត់ស្ថានភាពមួយដែលមិនទាន់មានភាពច្បាស់លាស់។ វិទ្យាស្ថាន CDRI ប្តេជ្ញាក្នុងការបង្កើតចំណេះដឹងអភិវឌ្ឍន៍ ដែលនាំមកនូវឥទ្ធិពល និងផលជះជាវិជ្ជមានដែលរួមចំណែកដល់វិបុលភាពយូរអង្វែងរបស់កម្ពុជា តាមរយៈការស្រាវជ្រាវគោលនយោបាយ ការអភិវឌ្ឍសមត្ថភាព និងវេទិកាកិច្ចពិភាក្សារវាងវិស័យផ្សេងៗ ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដូចជា សន្និសីទចក្ខុវិស័យកម្ពុជាជាដើម”។
សន្និសីទប្រចាំឆ្នាំនេះ គឺជាព្រឹត្តិការណ៍ពិភាក្សាគោលនយោបាយដ៏មានសារៈសំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។ សន្និសីទនេះ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់អំពីបញ្ហាសំខាន់ៗក្នុងប្រទេស ក៏ដូចជាកំណត់ទិសដៅគោលនយោបាយអភិវឌ្ឍន៍ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥ រាជរដ្ឋាភិបាលបានបន្ដដាក់ចេញយន្ដការអនុវត្ត តាមដាន និងវាយតម្លៃដើម្បីពិនិត្យលទ្ធផលការងារ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង ពាក់ព័ន្ធនឹងកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥, រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និងវាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ»។
ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឲ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ – ២០២៨» ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗ។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី។
បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សសរស្តម្ភសំខាន់ៗទាំង៣រួមមាន ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI និងប្រធានបទទាំង៣ ដែលនឹងលើកយកមកពិភាក្សា ការសិក្សាបានលើកឡើងពី «យុទ្ធសាស្ត្រនៃកំណើនថ្មី» ដែលការគួបផ្សំគ្នា រវាងគោលនយោបាយកំណើនសេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ។
វិទ្យាស្ថាន CDRI បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់អូស្រ្តាលី ដែលមានឈ្មោះថា កម្មវិធី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីរៀបចំសន្និសីទនេះឡើង។ ការសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី និងវិទ្យាស្ថាន CDRI ក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំសំខាន់ៗពីកម្ពុជា អាស៊ី និងតំបន់ដទៃទៀត ដើម្បីជំរុញកិច្ចសន្ទនាគោលនយោបាយមួយ ដែលគាំទ្រដល់កំណើន ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី







