Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើរបស់ពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រីរូបនោះ និងស្រ្តីផ្សេងទៀត

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៤ខែមីនាឆ្នាំ២០២៥ យ៉ាងដូច្នេះថា “ជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គម និងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់។ ទង្វើ និងប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រីរូបនោះ និងស្រ្តីផ្សេងទៀត”។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ។ ដូច្នេះទង្វើទាំងឡាយណាដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។

ទាញចេញពីករណីប្អូនស្រី និងទោះដោយចេតនាអ្វីពីសំណាក់ប្អូនប្រុសពិធីករប្រដាល់ ខ្ញុំសូមយកឱកាសនេះ អំពាវនាវបុរសទាំងឡាយ ថា «វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ។ មិនថាបុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ»។

ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើងជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តីរាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តីដែលបង្កើតបានកូនជំនាន់ក្រោយតៗគ្នារបស់មនុស្ស។ ដូច្នេះ ខ្ញុំសង្ឃឹមថា «ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម ជាមួយបុរស»៕ រក្សាសិទ្ធដោយ៖សុទ្ធលី