Wednesday, March 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឥណ្ឌា បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២មិនាឆ្នាំ ខាងមុខនេះ។

ការស្នើបែបនេះរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ខែមិនានេះ ខណៈឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើកឡើងថា៖ ឥណ្ឌានិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។បន្ថែមពីនេះឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្មនិងប្រាសាទព្រះវិហារ។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា៖ តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជានិងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។ឯកឧត្ដម ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីការកកើត រាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់។ ធ្វើឲ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាននិងកំពុងដោះស្រាយ។

ជុំវិញការស្នើសុំរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ជុំវិញការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឲ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Streetនៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។

ឯកឧត្ដមបញ្ជាក់ផងដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញក្រោយពីបង្កើតឲ្យមានផ្លូវថ្មើជើង Walk Streetបានធ្វើឲ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ ឯកឧត្ដមសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឲ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី