រាជធានីភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្និបាតសុខាភិបាល លើកទី៤៤ បន្តលើកទិសដៅការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងឆ្នាំបន្ត និងបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ដែលផ្សាភ្ជាប់ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធទាំងឡាយ។
រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបិទសន្និបាតសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន ស្ថានទូត និងអង្គការដៃគូអភិវឌ្ឍន៍។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសន្និបាត ដើម្បីយកទៅអនុវត្តក្នុងការអភិវឌ្ឍអង្គភាព នូវកិច្ចការអាទិភាពមួយចំនួន ដូចតទៅ៖
១. បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបានសេវាថែទាំសុខភាព ស្របតាមលក្ខខណ្ឌបច្ចេកទេស ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាជនមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការថែរក្សាសុខភាព ដែលជាទ្រព្យធន ដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន។
២. បន្តពង្រឹងសមត្ថភាពបច្ចេកទេស នៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្រប តាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
៣. បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព ព្រមទាំងយកចិត្តទុកដាក់ ទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួន តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយ ដើម្បីបញ្ជូនសារអប់រំសុខភាពដល់ ប្រជាជន និងសាធារណជន។
៤. បញ្ជា្របសារអប់រំសុខភាពប្រកបដោយនវានុវត្ត ឱ្យច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សា ឱ្យប្រតិបត្តិឥរិយាបថល្អ ចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន។
៥. បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព ស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។ ការផ្តល់សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺ ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានសុខាភិបាល ក្នុងការជំរុញឱ្យមានសេវា ២៤ ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ទូទាំងប្រទេស។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សូមសំដែង និងកោតសរសើរ រួមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់រូប។ សូមលើកទឹកចិត្តដល់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អ្នកស័្មគ្រការងារសុខភាពនៅតាមសហគមន៍ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សូមបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងការអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី











