Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីហង់ជួន ណារ៉ុន ប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ.) បានដឹកនាំកិច្ចប្រជុំដំបូង ដើម្បីប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា និងគណ:កម្មការពាក់ពន្ធ័ផ្សេងៗទៀត ដែលមានកាតព្វកិច្ចអនុវត្តអនុសញ្ញាប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័ន សមាជិកប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬ Cambodia Anti-Doping Agency (CADA) គឺជាស្ថាប័នជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា មានកាតព្វកិច្ចអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាឱ្យបានល្អប្រសើរនៅកម្ពុជា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអប់រំផ្សព្វផ្សាយពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡាដល់អត្តពលិកជម្រើសជាតិ និងមន្ត្រីពាក់ព័ន្ធ គ្រូបង្វឹកសហព័ន្ធ អង្គការសង្គមកីឡានានា ឱ្យមានការយល់ដឹងទូលំទូលាយពីការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ និងវិធីសាស្ត្រហាមឃាត់គ្រប់ទម្រង់។

បន្ទាប់ពីប្រកាសសមាសភាព និងតួនាទីរបស់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា និងភាគីពាក់ព័ន្ធរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាដែលទើបបង្កើតថ្មីនេះ ឱ្យបន្តខិតខំប្រឹងប្រែងស្វែងយល់ និងពង្រឹងសមត្ថភាពស្ថាប័នបន្ថែម ដូចជាធ្វើការសិក្សាស្រាវជ្រាវពីរបៀបដំណើរការនៃទីភ្នាក់ងារប្រឆាំងដូប៉ារបស់ប្រទេសនានា និងការចូលរួមសិក្ខាសាលាជាមួយ CADA ពិភពលោកដើម្បីសិក្សារៀនសូត្របន្ថែម មានការបែងចែកតួនាទី និងជំនាញនៃការងារឱ្យបានច្បាស់លាស់ រៀបចំប្រព័ន្ធរបាយការណ៍ផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហព័ន្ធតាមរយៈយន្តការផ្សេងៗ ដូចជាតាមបណ្ដាញសង្គមជាដើម រៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ជាពិសេសបង្កើនយុទ្ធសាស្ត្រផ្សព្វផ្សាយសារធាតុហាមឃាត់ឱ្យកាន់តែទូលំទូលាយ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ និងការជៀសវាងសារធាតុដូប៉ា ក្នុងការបណ្តុះបណ្តាលកីឡាករ កីឡាការិនីកម្ពុជា ជំរុញឱ្យមានសីលធម៌កីឡា វិន័យ និងការទទួលខុសត្រូវខ្ពស់ចំពោះអាជីពរបស់ខ្លួន ក្នុងគោលដៅចូលរួមចំណែកជំរុញភាពស្អាតស្អំក្នុងវិស័យកីឡា និងការប្រកួតកីឡា ប្រកបដោយយុត្តិធម៌ និងមានអនុលោមភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី