Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគោលគំនិតផ្តួចផ្តើមថ្មីៗ នៅក្នុងការធ្វើទំនើបកម្មវិស័យនេះ

រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃពុធ ទី៥ មីនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយភរិយា បានអញ្ជើញចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និង ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស លើកទី៦។

ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថិរគង់វង្សជារៀងរហូត។

សម្តេចបវរធិបតី មានប្រសាសន៍ថា កិច្ចការអភិរក្សវប្បធម៌ទំនៀមទម្លាប់មិនប្រាកដមានន័យថានៅទ្រឹងមួយកន្លែង និងមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និងមិនអភិវឌ្ឍន៍ថ្មីនោះទេ។ ដូច្នេះហើយ សម្តេចបានលើកទឹកចិត្តឱ្យមានការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ជំនួយការបង្កើនចំណាប់អារម្មណ៍ និងភាពទាក់ទាញ ដោយកាត់បន្ថយជាអតិបរមានូវជាយថាហេតុ មកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណយើង។ នៅក្នុងន័យនេះក្រសួងវប្បធម៌ វិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគោលគំនិតផ្តួចផ្តើមថ្មីៗ នៅក្នុងការធ្វើទំនើបកម្មវិស័យនេះ ជាពិសេសបង្កើនកិច្ចសហការ និងដកបទពិសោធន៍ពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌ ។

សម្តេចធិបតី បានកត់សម្គាល់ថា កន្លងមកមានការកែច្នៃទម្រង់សិល្បៈមួយចំនួនដែលមើលទៅកាន់តែមានភាពទាក់ទាញ ក៏ដូចជាកែច្នៃសម្លៀកបំពាក់ចេញពីហូល ផាមួងខ្មែរជាដើម។ ជាក់ស្តែង អាវដែលសម្តេចពាក់នាថ្ងៃនេះ គឺច្នៃចេញពីហូលខ្មែរ។ ហើយបើទោះបីជាច្នៃជាអាវធំក៏ដោយ គឺមិនមានបញ្ហាទេ ដោយនៅតែរក្សាអត្ថសញ្ញាណខ្មែររបស់យើង ព្រោះហូលខ្មែរគឺជារបស់ខ្មែរយើង ។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមសរសើរចំពោះការច្នៃប្រឌិតខ្ពស់នៅគ្រប់ទម្រង់ទាំងអស់ យើងមានសិល្បៈសហសម័យ យើងមានអីផ្សេងៗដែលយើងសម្តែង ដែលខ្ញុំថា គ្រាន់តែច្នៃហូល ផាមួងយើងទៅជាសម្លៀកបំពាក់ទំនើបបង្ហាញម៉ូតនៅលើឆាកអន្តរជាតិកន្លងទៅនេះគឺជាអ្វីដែលយើងត្រូវបង្ហាញ»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី មានប្រសាសន៍ថា ការច្នៃប្រឌិតនេះ គឺដើម្បីសម្របទៅនឹងរីកចម្រើននៃសង្គម ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យបាត់នូវអត្តសញ្ញាណាជាតិរបស់យើង នេះគឺជាកិច្ចការសំខាន់។

ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងវប្បធម៌ និងក្រសួងកិច្ចការនារី នៅពេលដែលមានការកែច្នៃប្រឌិតលើសទម្រង់ដើម បានធ្វើការណែនាំភ្លាមៗ។

សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមានរឿងអ្វីបន្តិច​បន្តួចរវាងគ្នានឹងគ្នា ត្រូវរួមគ្នាដោះស្រាយភ្លាមៗឱ្យបានឆាប់ កុំបាច់រំខានអ្នកដទៃ ឬពឹងពាក់ស្វះស្វែងរកអន្តរាគមន៍ ពីអ្នកដទៃនោះឡើយ ។

សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជន ការប្រើប្រាស់ប្រព័ន្ធ Social Media ការប្រើប្រាស់ Facebook ការប្រើប្រាស់ TikTok ជាមធ្យោបាយល្អ ក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមពិចារណា សូមកុំឱ្យយកឧបករណ៍ ទៅជាមិត្តជិតស្និទ្ធរបស់យើង ដែលយើងផ្តាច់ទំនាក់ទំនងការនិយាយគ្នា ជាមួយអ្នកដែលនៅជុំវិញខ្លួនយើង ជាពិសេសពេលដែលមានហេតុការណ៍ យើងលែងនិយាយគ្នា ដោះស្រាយបញ្ហា សូមឱ្យប្រកាន់នូវអភិក្រម មានអ្វីនិយាយគ្នា ដោះស្រាយគ្នា រួមគ្នាខ្មែរជាខ្មែរទៅ” ។

ការលើកឡើងរបស់សម្តេចធិបតី ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសម្តេចចាត់ទុកជារឿងចាំបាច់ ខណៈដែលបានកើតឡើង និងបានឃើញរាល់ថ្ងៃនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។

សម្តេចធិតី បន្ថែមថា “ហើយរឿងខ្លះ អត់ធំសោះ តែវិវត្តន៍ទៅជាធំ ដោយអ្នកពាក់ព័ន្ធមិននិយាយគ្នា ឈ្នះរៀងៗខ្លួនទីបំផុត គឺធ្វើឱ្យមហាជនកាន់តែវល់ កាន់តែស្មុគស្មាញអារម្មណ៍ផ្លូវចិត្ត ឃើញតែរឿងប្រទាក់ក្រឡាគ្នា ហើយពេលខ្លះ ជេរដល់ទៅរាជរដ្ឋាភិបាលទៅទៀត អត់ទាំងដឹងអីផង” ។

សម្តេចធិបតី ក៏បានសូមយកឱកាស ដែលពាក់ព័ន្ធសិលធម៌ និងវប្បធម៌ ដែលជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយឱ្យចូលរួមថែរក្សាអំពីវប្បធម៌​ នៃការប្រាស្រ័យទាក់ទងគ្នា ការនិយាយគ្នា រវាងប្រជាជន និងប្រជាជន ដោយកុំជេរគ្នា មានអ្វីនិយាយគ្នា កុំដាក់តាម Facebook ឱ្យអ្នកមិនដឹងរឿងមកក្តៅក្រហាយជាមួយ ដោយត្រូវនិយាយគ្នាដោះស្រាយជាមួយគ្នា រកវិធីនិយាយគ្នា ឱ្យឆាប់បញ្ចប់រឿងដោយការយោគយល់គ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី