ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 29th Cambodia-Japan Joint Committee Meeting) ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានព្រាងទុក ដោយអង្គប្រជុំបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល រួមមានជាអាទិ៍៖ (១)ការគ្រប់គ្រងបទប្បញ្ញត្តិបរិស្ថាន, (២)កិច្ចការរដ្ឋបាលនិងធនធានមនុស្ស នៅតាមសហគ្រាស/គ្រឹះស្ថាន, (៣)វិស័យពន្ធដារ, (៤) វិស័យពាណិជ្ជកម្ម, (៥)វិស័យភស្តុភារកម្ម, (៦) ការផ្គត់ផ្គង់ថាមពល និងផ្សេងៗ។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត នៃប្រវត្តិប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង(តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែលបានអនុម័តក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០គម្រោងផងដែរ។ តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញចំណាប់អារម្មណ៍ក្នុងនាមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី២៩ នេះថា ឯកឧត្តមពិតជាមានអារម្មណ៍កក់ក្តៅ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត មកលើវិស័យឯកជន។ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក៏ដូចជាវេទិកានានា បានផ្តល់នូវឱកាសឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះសមស្រប ដែលធ្វើឱ្យពួកគេកាន់មានភាពទុកចិត្តក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជា អគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) បានធ្វើបទបង្ហាញអំពីរបាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយចីរភាព” និងបានធ្វើការប្រគល់របាយការណ៍នោះជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទុកជាឯកសារមូលដ្ឋានផងដែរ។ មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។
គួររម្លឹកដែរថា៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា។ តាមរយៈការចុះហត្ថលេខារវាង សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និង ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាង
ព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះក៏ត្រូវបានបរៀបចំឡើងចចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕រក្សាសិទ្ធដោយ៖សុទ្ធលី
















