ភ្នំពេញ ៖នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង លើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងសំណើសុំពន្យារពេលបោសសម្អាតមីន លើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
កិច្ចប្រជុំពិភាក្សានេះ បានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
អង្គប្រជុំបានពិភាក្សាលើ ៖
ទី១/. សេចក្តីព្រាងឯកសារគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលអាជ្ញាធរមីន រួមជាមួយភាគីពាក់ព័ន្ធ បានគិតគូរតាំងពីឆ្នាំ២០២៣ ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនត្រូវបានរៀបចំឡើង ទាំងចង្អៀត ទាំងបើកទូលាយ។ ថ្មីៗនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរមីន បានដឹកនាំរៀបចំសិក្ខាសាលាពិភាក្សាផ្តល់យោបល់ ប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យឯកសារនេះមានគ្រប់ទិដ្ឋភាព និងវិស័យពាក់ព័ន្ធ។ គោលនយោបាយជាតិសកម្មភាមីន ២០២៦-២០៣៥ នឹងត្រូវរៀបចំឱ្យបានរួចរាល់ និងបញ្ជូនឆ្លងគណៈរដ្ឋមន្រ្តី ដើម្បីដំណើរតាមនីតិវិធី ដាក់ឆ្លងជូនសម្តេចធិបតី ពិនិត្យ និងសម្រេច យ៉ាងយូរចុងឆ្នាំ២០២៥ នេះ។
ទី២/. សេចក្តីព្រាងឯកសារសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៅឆ្នាំ២០០០។ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ឆ្នាំ២០១០-២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។ សម្រាប់សំណើសុំលើកទី២ ក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ កម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួន៖ ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីនស្រាវជ្រាវរកឃើញថ្មី ក្នុងតំបន់មួយចំនួនជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។ កត្តាទាំងនេះ ជំរុញឱ្យកម្ពុជា ត្រៀមរៀបចំស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ២០២៦-២០៣០។ អាជ្ញាធរមីន នឹងរៀបចំលិខិតគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើសំណើសុំពន្យារពេលបោសសម្អាតមីន លើកទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ នេះ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យ សម្រាប់សកម្មភាពមីននៅកម្ពុជា ហើយភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំ និងការបន្តគាំទ្ររបស់ក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនចិន ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចូលរួមដល់កិច្ចការសកម្មភាពមីននៅកម្ពុជា។
គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧ គីឡូម៉ែត្រក្រឡា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











