Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ សូមឈប់យកពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីអំពាវនាវ ស្តីពីករណីនៃការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកមួយចំនួន អំពីការយក ពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ ទៅ ប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើ នៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿ លើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ។

ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។

កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ។

អាស្រ័យហេតុនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ចពិធីនេះមកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី