រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានថ្លែងថា ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារ ដែលងាយរងគ្រោះបំផុត នៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាព។
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា។
គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor — នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ សាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។
គួរជម្រាបផងដែរថា ក្នុងគម្រោងនៃភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។ វានឹងផ្តល់ការផ្គត់ផ្គង់ សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន 10,000 នាក់ និងសិស្ស 80,000 នាក់ នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន 600 នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះ ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន 600 នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន 200 និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន 800 នាក់។
បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមាររហូតដល់ 65,000 កុមារអាយុក្រោម 5 ឆ្នាំ និង 30,000 នាក់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី









