Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធ«ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នានេះ ក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និងវប្បធម៌ ថា មានរឿងអ្វីត្រូវនិយាយរកគ្នា ប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ។ មួយវិញទៀត រាល់ការធ្វើសកម្មភាព និងនិយាយអ្វីមួយ សូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសគឺត្រូវគិតគូរអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។ បន្ថែមពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធសូមបន្តសហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។ ពាក់ព័ន្ធនឹងវិស័យសិល្បៈនេះដែរ សូមលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សាអត្តសញ្ញាណជាតិជាគោល ។ សូមបន្តការស្រាវជ្រាវ និងចងក្រងនូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមានហានិភ័យខ្ពស់ ។ រាជរដ្ឋាភិបាលបានរៀបចំចុះបញ្ជីសង្ក្រាន្តនៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហេតុនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំសង្ក្រាន្តឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។ សូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង វិស័យឯកជន បញ្ជូនមន្ត្រី សិល្បករ សិល្បការិនី ទៅសិក្សា ដកពិសោធន៍ និង សហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុង និងក្រៅស្រុក។ បន្ថែមលើនេះ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី