Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្សព្វផ្សាយនូវសាសនូវាទ ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឲ្យបន្តលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការផ្សព្វផ្សាយនូវសាសនូវាទ ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា ដដោយមានការយាង និមន្ត និង អញ្ជើញ ចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ តំណាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆ្នាំ ២០២៤ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា និងធ្វើការឆ្លុះបញ្ចាំង ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាបង្កើនឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការថែរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសាសនា ដែលជាអត្តសញ្ញាណជាតិដ៏ល្អផូផង់របស់យើង។

តាមរយៈរបាយការណ៍របស់ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យធម្មការនិងសាសនា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាបានយ៉ាងល្អប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងព្រះមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសាសនា ដែលជាប្រភពផ្ដល់គុណតម្លៃដឹកនាំស្មារតី។ ឱវាទសាសនាបានជួយឱ្យសាវ័ក កំណត់អំពីខ្លឹមសារជីវិត របៀបរស់នៅ និងគោលការណ៍អប់រំចិត្តសម្រាប់ការដឹកនាំជីវិតឆ្លងកាត់វិថីជីវិតដ៏ស្មុគស្មាញ ហើយការប្រតិបត្តិសាសនាបានត្រឹមត្រូវអាចជួយឱ្យសាវ័កមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសក្នុងពេលរស់នៅត្រូវប្រឈមនឹងភាពស្មុគស្មាញ។

គុណតម្លៃសាសនា ដូចជា ព្រហ្មវិហារធម៌ សង្គហធម៌ សីលប្រាំ ការគោរពអ្នកដទៃ និងស្មារតីបម្រើមនុស្សជាតិជាដើម មានឥទ្ធិពលគ្របដណ្តប់លើទស្សនៈនៃការដឹកនាំ ប្រព័ន្ធនយោបាយ ច្បាប់ និងវប្បធម៌សង្គម ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិត ឥរិយាបថ និងសកម្មភាពមនុស្សឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា សង្គម ស្ថិរភាពសង្គម ជាពិសេសរួមវិភាគទានដ៏សំខាន់ដល់សាមគ្គីភាព ឯកភាពនៅក្នុងសង្គម សន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងប្រទេសកម្ពុជាយើង ទោះបីជាមានការប្រតិបត្តិជំនឿសាសនាផ្សេងគ្នា ឬនិកាយខុសគ្នា ប៉ុន្តែក៏គ្មានប្រជាពលរដ្ឋណាម្នាក់ ឬសាសនាណាមួយត្រូវបានរើសអើង ដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ។ ទោះបីជាសាសនាជាប្រភពផ្ដល់គុណតម្លៃអប់រំមនុស្សឱ្យមានស្មារតីចាស់ទុំមនសិការខ្ពង់ខ្ពស់ និងជួយឱ្យមានសាមគ្គីធម៌ក្នុងសង្គម ប៉ុន្តែសាសនាក៏អាចនាំមកនូវទំនាស់ និងការបែកបាក់ផងដែរ។ កត្តានេះទាមទារការគិតគូរឱ្យបានស៊ីជម្រៅនិងមានយុទ្ធសាស្រ្ត ការសម្របសម្រួល និងភាពបត់បែនខ្ពស់ ដែលមានចរិត “ទន់ភ្លន់ តែម៉ឺងម៉ាត់”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមគាំទ្រដល់ស្មារតីរបស់អង្គសន្និបាតរបស់ក្រសួងធម្មការនិងសាសនា ដែលបានកំណត់បន្តអនុវត្តគោលនយោបាយ «លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា» និងយុទ្ធសាស្ត្រចំនួន៥ សម្រាប់បន្តអនុវត្ត ដែលរួមមាន៖ ទី១). លើកកម្ពស់សាសនារបស់រដ្ឋ ទី២). ការលើកកម្ពស់សីលធម៌សង្គម ទី៣). ការរក្សាសុខដុមនីយកម្មសាសនា ទី៤). ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និងទី៥). អភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។
ជាមួយនឹងសមិទ្ធផល និងការដាក់ចេញនូវទិសដៅទាំងនេះសម្រាប់ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូននូវទស្សនទានបន្ថែមមួយចំនួនដូចតទៅ៖
ទី១). សូមបន្តលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការផ្សព្វផ្សាយនូវសាសនូវាទ ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជាមាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។
ទី២). ថ្នាក់ដឹកនាំគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម ជាពិសេសគឺបន្តអនុវត្តគោលនយោបាយសុខដុមនីយកម្មសាសនានេះ។
ទី៣).
គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តសហការជាមួយក្រសួងធម្មការនិងសាសនា ដើម្បីលើកកម្ពស់សាសនានិងសីលធម៌សង្គម ពង្រឹងសុខដុមនីយកម្មសាសនា ដោយលើកទឹកចិត្តឱ្យគ្រប់សាសនាទាំងអស់ ចូលរួមជួយក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌។
ទី៤). បន្តពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។
ទី៥). បន្តពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងាររបស់ក្រសួងធម្មការ និងសាសនា តាមរយៈការបន្តពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថល និងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃ ដោយផ្អែកលើសមិទ្ធកម្ម៕រក្សាសិទ្ធដោយ៖សុទ្ធលី