ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ០៤ខែ២នា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ៤ចំណុច ច្រានចោលការផ្សព្វផ្សាយរបស់គណនីបណ្តាញសង្គម Weibo របស់ប្រទេសចិនឈ្មោះ Tie Xiao Jun ដែលបានផ្សព្វផ្សាយដោយចេតនាទុច្ចរិត ចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនបរទេស។
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយដោយចេតនាទុច្ចរិត ចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈ ជាតិនិង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនបរទេស។ ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន ដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់។
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ៖
១. ពុំមានជនបរទេសរងគ្រោះដូចការលើកឡើង ដោយសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ជួយ អន្តរាគមន៍ ក្រោយពេលទទួលបានព័ត៌មាននោះឡើយ។
២. ការផ្សព្វផ្សាយខាងលើ ផ្ទុយពីស្ថានភាពជាក់ស្តែង ដែលសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានាតាមសំណើរបស់ ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលកម្ពុជាបានធ្វើការស្រាវជ្រាវ តាមសំណើសុំអន្តរាគមន៍របស់ជនបរទេសពីគ្រប់ប្រភព ដោយបានបើកប្រតិបត្តិការស្វែងរក បានចំនួន១,៧៨៣សំណើ រកឃើញជនបរទេស ៣,៣០៤នាក់។ ក្នុងនោះមានសំណើចំនួន១,៣៩៥ករណី ជាករណីប្រឌិតព័ត៌មានក្នុងគោលបំណង លាឈប់ពីការងារមុន កិច្ចសន្យា (ចំនួន៦៧៣សំណើ) និងករណីជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់គ្មានលទ្ធភាពត្រឡប់ ទៅប្រទេសកំណើតវិញ (ចំនួន៦៨៣សំណើ)…។ល។ គួរកត់សម្គាល់ផងដែរថា មានសំណើចំនួន៣២ករណី ត្រូវបានរៀបចំឡើងដោយបុគ្គលមិនស្គាល់អត្តសញ្ញាណ ហើយសាមីខ្លួនក៏មិនបានស្នើសុំនោះដែរ។ ក្រៅពីនេះ សំណើចំនួន៣៧៣ករណីផ្សេងទៀត មានជនបរទេសចំនួន៨១១នាក់ មិនត្រូវបានរកឃើញដោយមូលហេតុ បុគ្គលក្នុងសំណូមពរអន្តរាគមន៍បានលាឈប់ពីការងារនិងបានចាកចេញពីទីតាំង (ចំនួន៣០៩សំណើ) និង សំណើមិនពិតប្រាកដគ្មានតម្រុយច្បាស់លាស់ (ចំនួន៦៤ករណី)។
៣.ក្រៅពីការស្រាវជ្រាវតាមសំណើជនបរទេស ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញខុសច្បាប់បានចំនួន ១៨ទីតាំង និងបានឃាត់ខ្លួន ជនបរទេសដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាបានចំនួន ៣,៧២៤នាក់ មានចំនួន ១៦សញ្ជាតិ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៥ករណី និងបញ្ជូនខ្លួនជនសង្ស័យបាន ចំនួន ៧៦នាក់។
៤. តើម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ជាអ្នកណា? តើអាចទៅរួចទេដែល បុគ្គលនេះអាចដើរប្រមូលព័ត៌មានដោយផ្ទាល់នៅតាមទីតាំងអនឡាញ ខណៈដែលបុគ្គលនេះចោទប្រកាន់ ទីតាំងទាំងនោះ ជាទីតាំងខុសច្បាប់ និងមានធ្វើទារុណកម្មលើបុគ្គលិក? តើគាត់អាចទំនាក់ទំនងជាមួយ ជនរងគ្រោះដែលគាត់បានលើកឡើងដោយរបៀបណា? ហេតុអ្វីក៏អ្នកទាំងនោះមិនទំនាក់ទំនងដោយផ្ទាល់ មកអាជ្ញាធរកម្ពុជា ខណៈពេលដែលយន្តការនៃការទទួលព័ត៌មាន និងសំណើសុំអន្តរាគមន៍ត្រូវបានដាក់ ឱ្យប្រើយ៉ាងទូលំទូលាយ?
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun និងសូមសំណូមពរដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវនិងចាត់វិធានការចំពោះបុគ្គលនេះ ដែល បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្តិនាម របស់នគរបាលជាតិ កម្ពុជា ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមប្រុងប្រយ័ត្នចំពោះព័ត៌មាន ក្លែងក្លាយ និងជៀសវាងចូលរួមចែករំលែកព័ត៌មានក្លែងក្លាយដោយខ្វះការទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចរីករាយ ស្វាគមន៍ ចំពោះការចូលរួមផ្តល់ព័ត៌មានដែលត្រឹមត្រូវឈានដល់ការអន្តរាគមន៍ជួយ សង្គ្រោះបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
