Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខាត់ សុធី បានណែនាំតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំ នៃខេត្តប៉ៃលិន ឱ្យយល់ដឹងស៊ីជម្រៅ ពី វិស័យកសិកម្ម !

ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមន្ត្រីជំនាញ ចុះធ្វើការគាំទ្រ តម្រង់ទិសការអនុវត្តការងារមន្ត្រីកសិកម្មឃុំ នៃខេត្តប៉ៃលិន ដែលថ្មីៗ មានមន្ត្រីកសិកម្ម ទើបតែប្រឡងជាប់ សរុប ០៨នាក់ ត្រូវបានដាក់ឱ្យជួយប្រជាពលរដ្ឋផ្នែកកសិកម្ម ប្រចាំខេត្តប៉ៃលិន។

ខ្លឹមសារនៃការតម្រង់ទិសកសិកម្ម ឯកឧត្តម ខាត់ សុធី លើកបង្ហាញថា ÷

១. យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានកំណត់យកវិស័យកសិកម្ម ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៦, ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងពង្រឹងពង្រីកកសិកម្ម សម្រាប់ជាសន្តិសុខស្បៀងផង និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផង។
២. គោលនយោបាយ អាទិភាពទិភាព ទី៥ និងទី៦ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម បង្កើនបច្ចេកទេស ធនធានកសិកម្ម ចំណេះដឹងផ្នែកកសិកម្ម ដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដូចជា : លើកស្ទួយផលិតផលកសិកម្ម , រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីផ្ដល់ហិរញ្ញប្បទាន ដែលនឹងសម្រួលដល់ខ្សែចង្វាក់តម្លៃផលិតកម្ម កសិកម្ម និងធានាតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការ , ព្រមទាំងដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

៣. តួនាទីភារកិច្ចមន្ត្រីកសិកម្ម ឃុំ – សង្កាត់
ជាពិសេស ការលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំ ទើបជាប់ថ្មីៗ ឱ្យបំពេញការនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណា បម្រើកសិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម ដើម្បីសម្រេចចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

មន្ត្រីកសិកម្មឃុំ នៃខេត្តប៉ៃលិន បានស្ដាប់ការលើកឡើងរបស់ ឯកឧត្តម ខាត់ សុធី យ៉ាងជក់ចិត្ត រីករាយ និងបានប្ដេជ្ញា ថា សហការគ្នា បម្រើប្រជាពលរដ្ឋ ឱ្យទទួលជោគជ័យ តាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕ ពិសិដ្ឋ CEN