Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចមហាមន្រ្ដី គុយ សុផល ចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត

សៀមរាប ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសចុះពិនិត្យនោះ សម្ដេចមហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ហើយព្រះរាជពិធីនេះដែរ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។

សម្ដេចមហាមន្រ្ដី បង្ហាញទៀតថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេចមហាមន្រ្ដី ជឿជាក់ថា ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី