Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ : សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥។ សន្និបាតនេះ រៀបចំធ្វើឡើងក្នុងរយៈពេល ២ថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ និង ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលមានចំនួនសរុបប្រមាណ ៤០០រូប។

សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះ និង ដើម្បីដាក់ចេញនូវទិសដៅការងារជាអាទិភាពបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ និង ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និបាតនេះនឹងមានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗចំនួន ៤ រួមមាន ៖ (ទី១)- កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌, (ទី២)-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, (ទី៣)- ការទទួលខុសត្រូវក្នុងការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ និង (ទី៤)- ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន ។

បន្ថែមពីនេះ, អង្គសន្និបាត ក៏នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើប្រធានបទពិភាក្សាចំនួន ២ ទៀត ដែលរួមមាន ៖ (ទី១)-ការកំណត់ការប្រាក់ និងការប្រាក់ពិន័យ និង (ទី២)-ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក។ អង្គសន្និបាត នឹងធ្វើការពិនិត្យ ពិភាក្សា និងសម្រេចដាក់ចេញនូវដំណោះស្រាយរួមគ្នា ចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រធានបទទាំង ២ នេះ ដើម្បីធានាបាននូវការឯកភាពគ្នាទាំងគោលជំហរ ទាំងទស្សនៈ ក្នុងការបកស្រាយ និងការអនុវត្តច្បាប់ សំដៅធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជា ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នអនុវត្តច្បាប់ ពិសេស ស្ថាប័នតុលាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី