ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ចូលជួបសម្តែងការគួរសម។
នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរលោកជំទាវ Kristiina Kuvaja-Xanthopoulos ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មីប្រចាំកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលហ្វាំងឡង់ចំពោះជំនួយដ៏មានតម្លៃដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសក្នុងវិស័យកសិកម្ម ការដោះមីន ការចុះបញ្ជីដីធ្លី និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា និងហ្វាំងឡង់ និងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរនាពេលខាងមុខ។
កិច្ចពិភាក្សាក៏បានផ្តោតលើការស្វែងរកវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាចសហការរួមគ្នា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



