កំពង់ចាម: ប្រាសាទនគរបាជ័យដែលមានទីតាំងស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម គឺជារមណីយដ្ឋានទេសចរណ៍មួយបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងស្ទើររាល់ថ្ងៃ។ ជាមួយនោះនៅច្រកចូលប្រាសាទគឺមានកម្លាំងនគរបាលទេសចរណ៍យាមប្រចាំការដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវដែលមកកំសាន្តលេង ហើយបរិវេណវិញគឺមិនមានចោលសម្រាមអាចចាត់ទុកមានបរិស្ថានល្អគួរឱ្យកត់សម្គាល់។
អ្នកស្រីចេង ស៊ីណេតអាយុ៥០ឆ្នាំរស់នៅភូមិវាលស្បូវ ឃុំអំពិល បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៤មីនា ២០២៥ថា: ជារៀងរាល់ថ្ងៃគាត់តែងតែជិះម៉ូតូមួយគ្រឿងសណ្ដោងរម៉កដោយមានលក់ទឹកបរិសុទ្ធ គ្រឿងភេសជ្ជៈនិងទឹកអំពៅ ដាក់លក់នៅក្រោមដើមស្វាយក្បែរមាត់ចូលប្រាសាទនគរបាជ័យ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញប្រាសាទដែលជិះម៉ូតូឆ្លងកាត់ឬភ្ញៀវអាចទិញរបស់គាត់យកទៅពិសាបានមានតម្លៃសមរម្យ ទោះជាយ៉ាងណាក៏ដោយរបរមួយនេះបានជួយលើកស្ទួយជីវភាពនិងក្រុមគ្រួសារគាត់។
អ្នកលក់រូបនេះបានរំលឹកថា កាលពីអំឡុងពេលមុនជំងឺកូវីដបានផ្ទុះឡើងក្នុងមួយថ្ងៃគាត់អាចលក់ដូរបានជាង១០ ម៉ឺនរៀល ហើយក្រោយពីកូវីដស្ងប់ស្ងាត់ក្នុងមួយថ្ងៃគាត់លក់ដូរបានយ៉ាងច្រើនចំនួន៥ម៉ឺនរៀល ទាំងដើមនិងចុងដោយចំនួនភ្ញៀវមានការថយចុះច្រើន។លុះពេលសួរនាំចុះឡើងគាត់ថាការលក់មិនសូវដាច់នេះដោយសារការរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកល។នៅមិនឆ្ងាយប៉ុន្មានពីកន្លែងលក់ដូររបស់គាត់មានរោងតែព្រហ្មមួយ ដែលប្រជាពលរដ្ឋក្នុងខេត្តនិងអ្នកនៅក្រៅខេត្តតែងតែមកបែបន់សូមសេចក្តីសុខសាន្តនិងប៉ងប្រាថ្នាអ្វីផ្សេងៗ។ ចូលមកដល់ឆ្នាំ ២០២៥នេះការលក់ដូរ ចេះតែថមថយហើយអ្នកភូមិធ្វើដំណើរកាត់តាមផ្លូវបេតុងកន្លែងលក់របស់គាត់ទៅហួសមកហួសនិយាយរួមមនុស្ស១០នាក់ចូលទិញតែពីរនាក់ប៉ុណ្ណោះ។ ចំពោះរបរលក់ដូរនេះគាត់បានផ្ដល់ថវិកាហើយកូនរៀនចប់សាកលវិទ្យាល័យចំនួនពីរនាក់និងនៅសល់ម្នាក់កំពុងតែរៀនសព្វថ្ងៃ។ចំណែកប្ដីរបស់គាត់វិញប្រកបរបរធ្វើស្រែចម្ការបន្តិចបន្តួចគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកសឿន យុទ្ធាវ័យ នគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថា គាត់បានមុខយាមនៅបរិវេណមុខប្រសាទនគរបាជ័យនេះតាំងពីអំឡុងឆ្នាំ២០០៨ បន្តរហូតមកដល់សព្វថ្ងៃនេះ ដោយមានការបែងចែកវេនយាមប្រចាំការក្នុងនោះមាននៅតាមគោលដៅចំនួន៤ដូចជា
នៅប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ភ្នំហាន់ជ័យ និងភ្នំជើងព្រៃ ស្រុកជើងព្រៃ។
លោកថាសព្វថ្ងៃអ្នកថតរូបកំពុងតែមានការចាប់អារម្មណ៍នឹងចម្លាក់ថ្មបុរាណដោយមានថ្ងៃខ្លះក្នុងមួយថ្ងៃមានកូនក្រមុំកូនកំលោះមកថតរហូតដល់ជាង១០គូក៏មាន។នៅបរិវេណវាលស្មៅមុខប្រាសាទមានរៀបចំដាក់ធុងសំរាមដោយមន្ទីរទេសចរណ៍ខេត្ត បានឲ្យមានអ្នកអនាម័យរបស់សំអាតជាប្រចាំឃើញថាមិនមានសំរាមចោលពាសវាលនោះទេ។
ពេលណាដែលមានភ្ញៀវអន្តរជាតិចូលមកមើលប្រាសាទនគរបាលទេសចរណ៍ត្រូវតែដែលជួយការពារពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ពួកគាត់ទៀតផង។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ថានៅច្រកចូលគឺមានរោងលក់សំបុត្រមួយសម្រាប់ភ្ញៀវបរទេសដែលចូលមកមើលប្រាសាទដោយក្នុងម្នាក់តម្លៃ១០ដុល្លារ ក្នុងថ្ងៃពេលខ្លះភ្ញៀវបរទេសជិះរថយន្តក្រុង៣ទៅ៤រថយន្ត ភ្ញៀវខ្លះទៀតជិះម៉ូតូកង់បីឬក៏ម៉ូតូជាមធ្យោបាយផ្ទាល់ខ្លួនក៏មានដែរ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានកសាងផ្លូវបេតុងស្អាតជុំវិញប្រាសាទនគរបាជ័យងាយស្រួលភ្ញៀវក្នុងស្រុកនិងក្រៅស្រុកធ្វើដំណើរតាមមធ្យោបាយម៉ូតូនិងរថយន្ត។
យោងតាមឯកសាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា ប្រាសាទនគរបាជ័យ បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។លក្ខណៈពិសេសដែលសម្គាល់ក្នុងព្រះរាជព្រះអង្គគឺនៅតាមជញ្ជាំងគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើហើយគេធ្វើរូបគ្រុឌជិះនាគនៅអមសង្ខាងផ្លូវចូលប្រាសាទនិងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធសមាធិ។តែក្នុងរាជ្យស្ដេចបន្ទាប់មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញ ដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។ក្រោយមកនៅសម័យកណ្ដាលចន្លោះសតវត្សទី១៦-១៧មានព្រះរាជាមួយអង្គទៀតបានត្រឡប់មករៀបចំបុរាណដ្ឋាននេះឲ្យក្លាយទៅជាវត្តអារាមនៃព្រះពុទ្ធសាសនាហិនយានវិញ ដោយបានដាប់ប្រាណកណ្ដាលជាចេតិយថ្មីបន្ថែមពីលើរចនាសម្ព័ន្ធចាស់ ដូចដែលយើងបានឃើញសព្វថ្ងៃនេះ។ប្រាសាទនេះគេនៅតែបន្តគោរពបូជាផ្នែកព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ទីនេះជាហូរហែរ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី








































