Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញបំបែកសំណុំរឿង តាមក្របួចជនជាតិចិន៧នាក់ សម្លាប់មនុស្សកប់ដីបំបាត់ភស្តុតាង

ខេត្តត្បូងឃ្មុំ: ពិតជាគួរឱ្យសរសើរដល់បងៗកងកម្លាំងសមត្ថកិច្ចគ្រប់ជំនាញក្នុងប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសំណាក់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធតាមវែកមុខអ្នកសម្លាប់មនុស្ស។ទីបំផុតបានបំបែកសំណុំរឿងឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ យកទៅជីកកប់ក្នុងដីចំការមួយកន្លែង ដើម្បីបំបាត់ភស្តុតាង ដោយមិនឲ្យនរណាម្នាក់ដឹង។ដែលហេតុការណ៍នោះបានកើតឡើងនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ក្នុងជំហានដំបូងគេពុំទាន់បានវាយតម្លៃថាតើមានការពាក់ព័ន្ធទៅនឹងបទល្មើសអ្វីបានជាហ៊ានរហូតដល់សម្លាប់មនុស្សបំបិទមាត់យ៉ាងដូច្នេះ ធ្វើឱ្យភ្ញាក់ផ្អើលអ្នកភូមិផងរបងនាំគ្នាមកមើលរួមទាំងសមត្ថកិច្ច។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី១៤មីនា ២០២៥ ថា: ការស្រាវជ្រាវករណីប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សភាពសាកសពដេកផ្កាប់មុខក្នុងរណ្ដៅដីជម្រៅ៤០ស.ម ដោយបាក់ក និង បាក់ភ្លៅខាងឆ្វេង។ កម្លាំងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការពិនិត្យកោសល្យវិច្ច័យសាកសពដោយមិនស្គាល់អត្តសញ្ញាណនិងមានការសង្ស័យនោះត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីពិនិត្យទៅតាមលក្ខណៈបច្ចេកទេសបន្ថែមទៀត។ សូមបញ្ជាក់ថាសាកសពដែលជនជាតិចិននោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះអ្វីនៅឡើយ ជាមួយនោះសមត្ថកិច្ចកំពុងមមាញឹកបន្តស្រាវជ្រាវតាមចាប់បក្សពួកមួយចំនួនទៀត។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកំលាំងជំាញនៃអធិការដ្ឋាន នគរបាលស្រុកពញាក្រែក និងកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ យ៉ាងយកចិត្តទុកដាក់ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តករណីខាងលើ។ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២និង១០នាទី កម្លាំងជំនាញ បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ រួមមាន :
-ទី១.ឈ្មោះ XIAO LIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន
-ទី២.ឈ្មោះ ZUO GUI FU ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន
-ទី៣.ឈ្មោះ XU NINGXUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
-ទី៤.ឈ្មោះ លីវ យី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិចិន
-ទី៥.ឈ្មោះ SAI AUNG KHAY ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
-ទី៦.ឈ្មោះ ANGTA AILAI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
-ទី៧.ឈ្មោះGU XIHUIភេទស្រីអាយុ៥៦ឆ្នាំជនជាតិចិននៅចំណុច ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ចំពោះផ្ទះជួលដែលមានម្ចាស់ឈ្មោះគង់ រក្សា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវបានកំលាំងជំនាញបង្កើតគណៈកម្មាការធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវបន្ត។
រីឯជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ បំពេញសំណុំរឿងតាមនីតិវិធី។ សូមបញ្ជាក់ថានៅតំបន់នេះកន្លងមកពុំដែលមានហេតុការណ៍កើតឡើងមានភាពឃោរឃៅដូចនេះឡើយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី