ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិង ចម្រើនពរជូនសាធារណជនទាំងអស់ជ្រាបថា ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ក្នុងគោលបំណង បន្តវេនបុព្វបុរសខ្មែរពោលគឺក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើមដែលបានបង្កើតឡើងក្នុងឆ្នាំ១៩២៩ ហើយបាន ធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលីមកជាភាសាខ្មែររួចជាស្ថាពរ។ ប៉ុន្តែគម្ពីរដីកាដ៏សេសផ្សេងៗ ទៀតក្រៅពីព្រះត្រៃបិដក ដូចជាគម្ពីរអដ្ឋកថា ដីកា យោជនា ជាដើម ពុំទាន់ត្រូវបានចងក្រងនិងបកប្រែ ជាផ្លូវការពីភាសាបាលីមកជាខេមរភាសានៅឡើយទេ។ ជាចាំបាច់ គណៈសង្ឃពុទ្ធសាសនា មានកាតព្វកិច្ច សហការជាមួយក្រសួងធម្មការនិងសាសនា ក្នុងការរៀបចំនិងបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីធ្វើកិច្ចការបកប្រែបន្តពីអ្នកប្រាជ្ញជំនាន់មុននូវគម្ពីរដីកាផ្សេងៗរបស់ព្រះពុទ្ធសាសនា ដែលពុំទាន់ បានធ្វើការបកប្រែ ដោយផ្អែកលើធនធានមនុស្ស (ទាំងបព្វជិត ទាំងគ្រហស្ថ) ក្នុងពុទ្ធសាសនមណ្ឌលខ្មែរ នាពេលបច្ចុប្បន្ន ដែលមានសមត្ថភាពជំនាញ ភាសាបាលី សំស្ក្រឹត និងភាសាបរទេសជាច្រើនអាចបន្តវេន ក្នុងការធ្វើកិច្ចការនេះបានដោយពិតប្រាកដ។ ម្យ៉ាងទៀត យោងតាមស្មារតីអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ បានអនុម័តសម្រេចរៀបចំក្រុមជំនុំព្រះត្រៃបិដកផងដែរ។
ការរៀបចំបែបនេះ ពុំមែនឈ្មោះថា លុបបំបាត់តម្លៃគុណូបការៈស្នាព្រះហស្ត ឬស្នាដៃរបស់ក្រុម ជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ។ ផ្ទុយទៅវិញ ការណ៍នេះ ជាការជួយអភិរក្សកេរមរតករបស់បុព្វបុរស ជំនាន់មុនឱ្យមាននិរន្តរភាពហាក់បីដូចជាក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម មានជីវិតនៅជាមួយពុទ្ធ សាសនិកជនខ្មែរគ្រប់រូប។
ចំពោះឃ្លា “ផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ” ក្នុងន័យនេះ ពុំមែន មានន័យថា ក្រុមជំនុំព្រះត្រៃបិដកថ្មី ដែលនឹងត្រូវបង្កើតនាពេលខាងមុខនេះ ធ្វើការពិនិត្យនិងកែប្រែ ទៅលើខ្លឹមសារព្រះត្រៃបិដករបស់ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ។ ផ្ទុយទៅវិញ ក្នុងកាលកន្លងមក និងបច្ចុប្បន្នមានរោងពុម្ពឯកជនមួយចំនួនបានយកគម្ពីរព្រះត្រៃបិដកច្បាប់ដើមទៅថតចម្លង ដោយ បោះពុម្ពខុសអក្ខរាវិរុទ្ធនិងរៀបចំទំព័រខុសមិនតាមលំដាប់លំដោយ ធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារពុទ្ធវចនៈ ដើម ដែលជាកង្វល់ដ៏ធំរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះជាចាំបាច់តម្រូវ ឱ្យមានក្រុមជំនុំព្រះបិដកឡើងវិញ ដើម្បីជាយន្តការរៀបចំនីតិវិធីសម្រាប់ការបោះពុម្ពឱ្យបានត្រឹមត្រូវតាម ព្រះត្រៃបិដកច្បាប់ដើម ជៀសវាងភាពខុសឆ្គងនិងភាពអនាធិបតេយ្យក្នុងការបោះពុម្ពផ្សព្វផ្សាយពុទ្ធវចនៈ ដែលមានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ។ ដោយឡែកការប្រើឈ្មោះ “ក្រុមជំនុំព្រះត្រៃបិដក” ពុំមានអ្វីចំឡែកនិងខុសឆ្គងឬប្រើពុំបាននោះឡើយ ព្រោះថា ការបន្តវេនពីជំនាន់មួយទៅជំនាន់មួយជារឿងល្អបំផុត ក្នុងការអភិរក្សរក្សាកេរមរតក ស្នាព្រះហស្តឬស្នាដៃបុព្វបុរសគ្រប់ជំនាន់និងជាការរក្សាឈ្មោះដើមមិនឱ្យ បាត់បង់ថែមទៀតផង។ ឧទាហរណ៍ សង្គាយនាគឺជាការផ្ទៀងផ្ទាត់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ដែល ព្រះអង្គទ្រង់សម្តែងនិងបញ្ញត្តទុកមកហើយមានរហូត ដល់៦លើក។ សង្គាយនាលើកទី១ ព្រះអរហន្ត លោកធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ សំដៅធានាបាន ថាតើសាវ័កនិងបរិស័ទ ទាំងឡាយបានគោរពប្រតិបត្តិនិងរក្សាពុទ្ធវចនៈដើមត្រឹមត្រូវឬទេ? សង្គាយនាលើកទី២ រហូតដល់ទី៦ ដើម្បីធានាបាននូវពុទ្ធវចនៈដើមដូចគ្នា បើក្នុងករណីការប្រតិបត្តិខុសពុទ្ធវចនៈដើម អង្គសង្គាយនាធ្វើ ការតម្រង់ទិសឱ្យត្រឹមត្រូវវិញ។ ដូច្នេះ ពុំមែនមានន័យថា ការធ្វើសង្គាយនាពីលើកទី១ដល់ទី៦ ដើម្បី កែប្រែធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនោះទេ។ យ៉ាងណាមិញដូចគ្នានេះដែរ ការប្រើប្រាស់ឈ្មោះក្រុម ជំនុំព្រះត្រៃបិដកដូចជំនាន់ ដើម គ្រាន់តែជាការបន្តវេនក្នុងការការពារនិងអភិរក្សរក្សាតម្លៃកេរមរតក ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម ឱ្យនៅគង់វង្សឋិតថេរចីរកាល និងបន្តវេនបកប្រែគម្ពីរដីកាពុទ្ធសាសនា តទៅទៀតប៉ុណ្ណោះ។
ជាងនេះទៅទៀត ភាពអសកម្មនិងការធ្វេសប្រហែសមិនបន្តការងាររបស់ដូនតាដែលនៅសេសសល់ ឈ្មោះថាជាការមិនគោរពគុណបុព្វបុរសទៅវិញទេ តែបើបានបន្តការងាររបស់ដូនតា ដែលនៅសេសសល់ នោះទើបឈ្មោះថាជាការគោរពលើកតម្កើងគុណបុព្វបុរសនិងជាការរក្សាវង្សអ្នកប្រាជ្ញមិនឱ្យសាបសូន្យ។
សរុបសេចក្តីមក ការប្រើឃ្លាផ្ទៀងផ្ទាត់ក្តី ការប្រើឈ្មោះក្រុមជំនុំព្រះត្រៃបិដកក្តី គឺក្នុងសុឆន្ទៈ លើកកម្ពស់ពុទ្ធវចនៈ ដែលមានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ក្បាល ឱ្យឋិតថេរគង់វង្ស មិនឱ្យប្រាសចាក ច្បាប់ដើមរបស់បុព្វបុរសខ្មែរពោលគឺក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម បានបកប្រែពីបាលីភាសាមកជា ខេមរភាសានោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




