ខេត្តស្ទឹងត្រែង ៖ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២៥ , ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។
យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Oceania Conservation ។ សម្រាប់បេសកកម្មនេះ គឺ ជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។
សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ ១២០ គីឡូម៉ែត្ររវាង ខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយ ធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ (ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការ នេសាទខុសច្បាប់ជាដើម។
ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ង នេសាទដែលបោះបង់ចោលចេញពីទន្លេ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។
មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះនឹងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្នាំ ទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែ ខ្លាំងរវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។
លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រ និងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស»។
យុទ្ធនាការហែលទឹកទន្លេមេគង្គនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវជីវវិទ្យាសត្វផ្សោត នៃកម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota នៅសហរដ្ឋអាមេរិក ដែលបានបង្កើតវេទិការរៃអង្គាសថវិកាអន្តរជាតិ ដើម្បី ជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោត។ អ្នករៀបចំយើងសង្ឃឹមថា បញ្ហាប្រឈមនឹងជំរុញឱ្យមានការគាំទ្រ កាន់តែច្រើនឡើងៗសម្រាប់គំនិតផ្តួចផ្តើមនានាក្នុងគោលបំណងធានាដល់អនាគតនៃសត្វផ្សោតរបស់កម្ពុជា។
លោកស្រីបណ្ឌិត Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍តំណាងឱ្យ ក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅក្នុង ទន្លេមេគង្គ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៦ សត្វផ្សោតនៅក្នុងអន្លង់ឈើទាលកៀកជាប់ទៅនឹងព្រំប្រទល់កម្ពុជា-ឡាវត្រូវបាន ប្រកាសថាផុតពូជ ដែលត្រូវបានកត់ត្រានៅឆ្នាំ ២០២២ ។ ការបាត់បង់នេះបង្ហាញពីចំណាត់ការជាបន្ទាន់ដើម្បីការពារ ផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ។ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះទេ យើងនឹងប្រឈមនឹងការ បាត់បង់សត្វដ៏អស្ចារ្យទាំងនេះជារៀងរហូត។ ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីការពារអនាគតរបស់សត្វផ្សោត និងទន្លេមេគង្គ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
