Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូ រវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្តលើវិស័យឯកជន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានទទួលការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយបានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរពេទ្យកម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូត ដែលបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យបញ្ជាក់ជូនថា យើងបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្ត លើវិស័យឯកជន ដើម្បីទទួលបានការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា ដែលនេះគឺពិតជាការចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី