Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្រ្ដី ឡាំ ជា ធ្វើបទបង្ហាញស្ដីពី«ព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា» ជូនបងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើបទបង្ហាញស្ដីពី «ព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា» ជូនបងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម រដ្ឋមន្រ្ដី បានមានសំណេះសំណាលមតិស្វាគមន៍ចំពោះបងប្អូនសហគមន៍ខ្មែរដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ទាំងអស់ ក្នុងការចំណាយពេលវេលាមកស្វែងយល់និងចង់ស្គាល់ផ្ទាល់នូវព្រំដែននៃប្រទេសជាតិរបស់ខ្លួន ដើម្បីជួយផ្សព្វផ្សាយបន្ដ ព្រមទាំងចូលរួមអភិវឌ្ឍន៍និងការពារព្រំដែនកម្ពុជា។

ឈានមកដល់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១-ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី, ទី២-ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង និងទី៣-យុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល, ទី៤. ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។

អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារនូវសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីសម្រេចចក្ខុវិស័យ«កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ព្រមទាំងធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី