Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរងគ្រោះដែលជនសង្ស័យម្នាក់ជាមន្ត្រីពេទ្យយោធា ប្រើហិង្សា បានមកដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថ ខណៈជនបង្ករត់គេចខ្លួន

រាជធានីភ្នំពេញ ៖ នារីរងគ្រោះ ដែលជនសង្ស័យម្នាក់ជាមន្ត្រីពេទ្យយោធា ប្រើហិង្សាបង្កឱ្យមានរបួសស្នាមលើផ្ទៃមុខ និង រាងកាយយ៉ាងធ្ងន់ធ្ងរ ដោយសារបង្ខំឱ្យរូបនាងជក់គ្រឿងញៀន តែនាងមិនព្រមជក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ បច្ចុប្បន្ននារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ និងតាមឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមផ្លូវច្បាប់ ៕

ពេទ្យទាហានបានបង្ខិតបង្ខំឲ្យនារីរងគ្រោះម្នាក់ ឲ្យប្រើប្រាស់គ្រឿងញៀនជាមួយ តែនាងមិនព្រមប្រើប្រាស់ជាមួយ ក៏វាយធ្វើបាបនារីនោះយ៉ាងសាហាវព្រៃផ្សៃ។

ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានសរសេរសារ នៅលើផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ យ៉ាងដូច្នេះថា “វ៉ៃដំច្រំធាក់ ជេបញ្ចោ អញ ង៉ែង កាន់កាំបិតដេញកាប់ និងគម្រាមបើកឡានបុកផ្ទះអ្នកជិតខាងដែលបានជួយស្ត្រីរងគ្រោះ។ មើលកាតជនដៃដល់សុទ្ធតែធ្វើពេទ្យខាងរោគសសៃបេះដូងទៀត ហើយបើវ៉ៃស្រីសាហាវយ៉ាងនេះ តាមមើលវីដេអូ និងស្តាប់ស្ត្រីរងគ្រោះបុរសនេះមិនសូវដេកយប់ តើព្យាបាលអ្នកជម្ងឺមិនអីទេ ? (ស្ត្រីរងគ្រោះគ្នាខ្លាចឮថាអាងខ្នងអាងខ្សែសម្បើមណាស់)។
ខ្ញុំមិនមែនជនរងគ្រោះផង គ្រាន់តែមើលនិងស្តាប់សម្លេងស្រែកខ្ញុំញ័រទ្រូងប្រឹងចង់ស្ទះបេះដូង ចុះទំរាំជនរងគ្រោះគ្នាភ័យខ្លាចប៉ុណ្ណា ??? សង្ឃឹមថាសមត្ថកិច្ចនិងថ្នាក់ដឹកនាំនឹងផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ”។

លោកស្រី បានលើកឡើងបន្តទៀតថា “ម្សិលមិញខ្ញុំបានស្នើមេធាវី និងក្រុមការងារខ្ញុំឲ្យជូនស្ត្រីរងអំពើហិង្សាឈ្មោះ ជា ចន្ធូ ទៅបង្ហាញខ្លួន និងដាក់បណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងយកពាក្យបណ្តឹងទៅដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរួចហើយ។ តាមដឹងថាជនដៃដល់កាចសាហាវធ្វើពេទ្យទាហានរូបនេះ បានគេចខ្លួនហើយ មិនដឹងគេចដល់ណា សំខាន់តើអ្នកណានឹងចេញមុខការពារមនុស្សដែលប្រព្រឹត្តខុសច្បាប់នេះ ?? !!”៕ រក្សាសិទ្ធដោយ៖សុទ្ធលី