ភ្នំពេញ៖ បុគ្គលិកបម្រើការនៅហាងម៉ាស្សាយីហោ «គេណេស» ចាក់សម្លាប់បុរសម្នាក់ប្លន់យកទូរសព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ ពេលនេះ ត្រូវសមត្ថកិច្ចតាមប្រមាញ់ឃាតកបានហើយ ។ ជនរងគ្រោះបាត់បង់ជីវិតពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនដៃដល់ដែលចាក់សម្លាប់បុរសម្នាក់ រួចយកទូរសព្ទ នៅចំណុចហាងម៉ាស្សាយីហោ គីណេស មានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទី ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងនគរបាលខណ្ឌចំការមន ចាប់ខ្លួនបានហើយនៅ ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ នៅចំណុចផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ថ្លែងសារមកកាន់សារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃពុធទី១៩មីនានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវចុះបង្រ្កាបឃាត់ខ្លួនជនជាប់ចោទពីបទឃាតកម្មបានហើយ កាលពីម្សិលមិញ» ។
សូមរំឭកថា កាលពីយប់ថ្ងៃទី១៦មីនា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន មានករណីចាក់សម្លាប់មួយកើតឡើង ដោយបុរសម្នាក់បាត់បង់ជីវិតកំលុងពេលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់ប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ ប៉ុន្តែករណីខាងលើទើបតែបង្កការភ្ញាក់ផ្អើលនៅថ្ងៃអង្គាម្សិលមិញប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






