ខេត្តឧត្តរមានជ័យ ៖ បុរសជាប្តីបានខឹងប្រពន្ធទៅតាមដល់កន្លែងផឹកស៊ីនិងជេរប្រមាថក៏ខឹងចាប់បោចសក់បោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មានករណីហិង្សា ជនសង្ស័យឈ្មោះ អ៊ុកអួន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់-ក្រុងសំរោង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរនារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ដោយបានចាប់បោច សក់បោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង និងបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្រោយទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ក្នុងពេលសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទី រូបខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧:១០នាទី រូបខ្លួនក៏បានទិញស្រាជាងកន្លះកេសទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា ៣កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានខលទូរសព្ទប្រាប់ថាមកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួនក៏បានមកដល់ហើយកើតមានការឈ្លោះប្រកែកគ្នា ពេលនោះប្រពន្ធរបស់ខ្លួនបានជេរប្រមាថយ៉ាងច្រើនធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ផ្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដងបណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមសន្លប់បាត់ទៅ ក្រោយពីធ្វើសកម្មភាពរួចស្រាប់តែមានសមត្ថកិច្ចមកដល់ហើយមកនាំរូបខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

