ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោកប្រធាន អនុនាយកដ្ឋាន និងមន្រ្ដីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម រដ្ឋមន្រ្ដី បានមានមតិស្វាគមន៍ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោក លោកស្រីទាំងអស់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចការព្រំដែនដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិមាតុភូមិជាមួយនឹងការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការព្រំដែននេះ ដោយគោរពនិងអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចការនេះ សម្ដេចធិបតី បានយកចិត្ដទុកដាក់ខ្ពស់បំផុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី ដែលមិនមានការថ្វីប្រហែសសូម្បីមួយវិនាទីណាឡើយ។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរួចមក ឯកឧត្ដម រដ្ឋមន្រ្ដី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនជូនអង្គប្រជុំពិនិត្យ និងពិភាក្សា ក្នុងការប្រមូលធាតុចូលបន្ថែមទៀត។ ព្រមជាមួយគ្នានេះ ឯកឧត្ដម រដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោក លោកស្រី ដែលបានចូលរួមមតិយោបល់យ៉ាងផុសផុលដែលនឹងក្លាយជាធាតុចូលបំពេញបន្ថែម ដើម្បីត្រៀមរៀបចំសកម្មភាពការងារក្នុងការចុះជួបចរចារនិងការអនុវត្ដលើដីជាក់ស្ដែងជាមួយសមភាគីនាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋមន្រ្ដី បានរំលឹកនិងគូសបញ្ជាក់អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានភាពច្បាស់លាស់ ត្រឹមត្រូវ រឹងមាំ និងស្ថាពរ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលយើងទទួលបាននាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាទុកជាមរតកប្រវត្តិសាស្ត្រជូនកូនចៅខ្មែរគ្រប់ជំនាន់។
មុននឹងបញ្ចប់ ឯកឧត្ដម រដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូល និងផ្ដល់អនុសាសន៍ណែនាំនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានវឌ្ឍនភាពការងារថ្មីៗថែមមួយកម្រិតទៀត ព្រមទាំងការត្រៀមលក្ខណៈសម្បត្ដិឱ្យបានគ្រប់ជ្រុងជ្រោយទាំងក្នុងការចរចា និងការចុះអនុវត្ដការងារលើដីជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវឆន្ទៈ និងមនសិកាស្នេហាជាតិខ្ពស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









