រាជធានីភ្នំពេញ ៖ ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែមលើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងមុខងារសាធារណៈ ពិតជាមានភាពចាំបាច់ក្នុងការកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។
សម្តេចបវរធិបតី បានផ្តល់ការណែនាំការងារអាទិភាពមួយចំនួនក្នុងឆ្នាំ ២០២៥ ដល់ក្រសួង មុខងារសាធារណៈ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចតទៅ៖
ទី១. ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និង អភិវឌ្ឍវិស័យមុខងារសាធារណៈត្រូវខិតខំអនុវត្តតួនាទី មុខងារ និង ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និង មានប្រសិទ្ធភាពខ្ពស់ ដោយគោរពយ៉ាង ខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលការណ៍របស់រាជរដ្ឋាភិបាល ។
ទី២. ក្រសួងមុខងារសាធារណៈ ត្រូវបន្តអនុវត្តការងារប្រឡងជ្រើសរើសមន្ត្រីផ្អែកលើ គោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមនិយាមនីតិវិធី ប្រតិបត្តិស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល និង ធានាដល់បេក្ខជន “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” ព្រមទាំងបន្តជំរុញការរៀបចំ និង ការដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការជ្រើសរើស និង គ្រប់គ្រងមន្ត្រីបច្ចេកទេស/ជំនាញ ផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យឆ្លើយតប នឹងគោលការណ៍ “ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ” និង “ប្រសិទ្ធភាពនៃការ អនុវត្តការងារ” ។
ទី៣. ក្រសួងមុខងារសាធារណៈ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការក្នុងការ ជំរុញដំណើរការនៃការពិនិត្យឡើងវិញនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដោយផ្តោតលើមុខងារ, រចនាសម្ព័ន្ធ, សេវា, អភិក្រមការងារ, ធនធាន មនុស្ស និង ថវិកាឱ្យសម្រេចបាននូវលទ្ធផលកែលម្អជាក់ស្តែងជាបណ្តើរៗ ក្នុង ការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាពការងារដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអភិ ក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ។
ទី៤. ក្រសួងមុខងារសាធារណៈ ត្រូវបន្តជំរុញការរៀបចំ និង ការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹកចិត្តគាំទ្រសមិទ្ធកម្មរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និង សមិទ្ធផលការងារនៅតាមក្រសួងស្ថាប័ន ។
ទី៥. ក្រសួងមុខងារមុខងារសាធារណៈ និង ក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ត្រូវបន្តគាំទ្រ និង ជំរុញចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ និង វិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយនូវឧត្តមានុវត្តន៍ និង នវានុវត្តន៍ នៃការដឹកនាំ និង គ្រប់គ្រងអង្គភាពឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាពនៃដំណើរការរបស់អង្គភាព ។
ទី៦. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំ និង សម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ ព័ន្ធនៅថ្នាក់ជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែងរបស់ ក្រសួងស្ថាប័ន និង ការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និង ទិន្នន័យគ្រប់ជ្រុងជ្រោយនិងប្រកប ដោយគុណភាព ដើម្បីគាំទ្រ ដល់ការអនុវត្តវិធានការកែលម្អក្រសួងស្ថាប័ន ការ គ្រប់គ្រង និង ប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុនិង ការបំពេញមុខងារកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។
ទី៧. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តយុទ្ធនាការ បច្ចុប្បន្នភាពគ្រឹះស្ថានអប់រំសាធារណៈ នៅមូលដ្ឋាន រួមមាន វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និង មត្តេយ្យសិក្សា និង ការជំរឿនមន្ត្រី ជាក់ស្តែងនៅតាមគ្រឹះស្ថានទាំងនេះ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័តមាន និង ទិន្នន័យគ្រប់ជ្រុងជ្រោយ និង ប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការ អនុវត្តវិធានការកែលម្អស្ថាប័ន ការគ្រប់គ្រង និង ប្រើប្រាស់ធនធានមនុស្ស និង ថវិកា និង ការផ្តល់សេវាអប់រំមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ។
ទី៨. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំ និងសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្ន ភាពអង្គភាពសុខាភិបាលនៅមូលដ្ឋាន រួមមាន មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត ១, កម្រិត ២, កម្រិត ៣, មណ្ឌលសុខភាព និង ការជំរឿន មន្ត្រីជាក់ស្តែងនៅតាមអង្គភាពទាំងនេះ ដើម្បីកំណត់ឱ្យបាននូវព័តមាន និងទិន្នន័យ គ្រប់ជ្រុងជ្រោយ និង ប្រកបដោយគុណភាព ។
ទី៩. ក្រសួងមុខងារសាធារណៈ ត្រូវបន្តផ្តល់ការគាំទ្រ ដឹកនាំសម្របសម្រួល និង ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ, ជាពិសេស ការពង្រឹង សមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពសាធារណៈនៅតាមក្រសួងស្ថាប័ន និង ថ្នាក់ក្រោមជាតិ ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារជាក់ស្តែង និង ទស្សនវិស័យ នៃការកែទម្រង់រដ្ឋបាលសារធារណៈរបស់រាជរដ្ឋាភិបាល ។
ទី១០. ក្រសួងមុខងារសាធារណៈ ក្នុងនាមជាស្ថាប័នទទួលបន្ទុកលើការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ផ្តល់ការគាំទ្រ និង សម្របសម្រួលឱ្យកាន់តែប្រសើរ ជាមួយគ្រប់ការដ្ឋានកែទម្រង់ របស់រាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព សុខដុមនីយកម្ម និង ប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី











