កំពង់ចាម ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជា
ប្រធានអាជ្ញរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ
បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ សិស្សនគរបាលជ័យលាភីចំនួន ៧៧នាក់ នារី ២០នាក់មកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ។ ជាមួយនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធនៅជុំវិញខេត្តទៀតផង។
ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ៣សំខាន់ៗគឺ:
ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
ទី២- ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា
ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។
ទន្ទឹមនេះដែរ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានិងសាលានគរបាលជាតិភូមិភាគនានា។
ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ
ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














