Friday, March 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ចាប់បោកក្បាលប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ ៖ សមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះ (ត្រូវជាប្រពន្ធ) ទៅលើបេតុង បណ្ដាលឱ្យរបួសធ្ងន់រហូតដល់ស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។ នៅថ្ងៃទី២០ខែមីនានេះ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្ដរមានជ័យ ដើម្បីចាត់និតីវិធីបន្ត។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២០៖២០នាទី មានកើតករណី ហិង្សាដោយចេតនាបណ្ដាលឱ្យមរណភាពជនរងគ្រោះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (ត្រូវជាប្រពន្ធ) និងចាប់បោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងបណ្ដាលឲ្យមានរបួសធ្ងន់ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត រហូតបណ្ដាលឲ្យស្លាប់ ។

ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ទោ ហម ភិរក្ស ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តី៍នគរបាលរដ្ឋបាលសំរោង ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្ដរមានជ័យ ដើម្បីចាត់និតីវិធីបន្ត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី