ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Thomas Lubeck នាយកគ្រប់គ្រងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ែកខាងត្បូងនិងខាងកើត និងទទួលបន្ទុកលើសេវាកម្មប្រឹក្សាផ្នែកប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី អ្នកតំណាងក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ។
ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ ដោយផ្តោតលើពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ព័ន្ធសំខាន់ៗផ្សេងទៀត សំដៅជំរុញឱ្យការសិក្សាគម្រោងមួយនេះប្រព្រឹត្តទៅបានដោយរលូនតាមផែនការដែលបានគ្រោងទុក។
គួររម្លឹកដែរថា៖ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ គ្រោងនឹងការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលធ្វើសមាហរណកម្មសេវាភស្ដុភារកម្មទាំងឡាយសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ។
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើនសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។ ក្រៅពីការផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត ដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធ (Bonded Warehousing) ជាដើម។ ទន្ទឹមនេះ គម្រោងនេះ ក៏នឹងនាំមកនូវសេវាភស្ដុភារកម្មបែបថ្មី ដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់ (Cold Chain), ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ (Less than container load), និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ ( Vendor Management Inventory) ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







