ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាព ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម តុលាការកំពូល។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពរដ្ឋបាលតុលាការនៅទូទាំងប្រទេស សរុបចំនួនប្រមាណ ៤០០ រូប។
សន្និបាតវិស័យយុត្តិធម៌នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃវិស័យ យុត្តិធម៌ ជាពិសេស សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំ កន្លងទៅ, កំណត់បញ្ហាប្រឈមនៅក្នុង វិស័យនេះ និងដាក់ចេញនូវទិសដៅការងារជាអាទិភាពបន្ត។ អង្គសន្និបាតវិស័យយុត្តិធម៌ ពិនិត្យឃើញថា ផ្អែកតាមស្មារតី និងគោលការណ៍ដែលបានឯកភាពនិងដាក់ចេញរួមគ្នាដោយមហាសន្និបាតវិស័យយុត្តិធម៌ ឆ្នាំ២០២៤, ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ វិស័យយុត្តិធម៌សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាពិសេស លទ្ធផលនៃការអនុវត្តយុទ្ធនាការចំនួន ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង វិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ (១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុង ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ។
អង្គសន្និបាតវិស័យយុត្តិធម៌ បានស្ដាប់របាយការណ៍ពាក់ព័ន្ធនឹងកិច្ចការសំខាន់ៗចំនួន ៤ រួមមាន៖ (ទី១)-កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌, (ទី២)-ការអនុវត្តសំណើជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន, (ទី៣)-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ និង (ទី៤)-ការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















