នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងការជជែកពិភាក្សាក្រោមរបៀបវារៈទី៨៖ ការតាមដាន និងការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពក្រុងវីយ៉ែន (VDPA)។
ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងក្របខណ្ឌច្បាប់ និងស្ថាប័ន ដើម្បីធានាការទទួលបានសិទ្ធិមនុស្សទាំងអស់គ្នា ក្រោមផែនការសកម្មភាព VDPA។ ផែនការសកម្មភាព VDPA គឺជាមូលដ្ឋានគ្រឹះសម្រាប់ការសន្ទនាបន្ត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ នៅពេលដែលប្រទេសនានាកំពុងអនុវត្តផែនការសកម្មភាពនេះ គឺជាការចាំបាច់ក្នុងការជំរុញការអភិវឌ្ឍ និងយុត្តិធម៌រួម ទន្ទឹមគ្នានឹងការលើកកម្ពស់នីតិរដ្ឋ និងការធានានូវការរួមបញ្ចូលសិទ្ធិមនុស្សទៅក្នុងគោលនយោបាយជាតិ និងក្របខ័ណ្ឌច្បាប់។
កម្ពុជាបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ដើម្បីធានាថា ពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ទទួលបានសិទ្ធិ និងសេរីភាពពេញលេញ។ វិធានការនានាត្រូវបានធ្វើឡើងក្នុងការលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ និងការធ្វើសមាហរណកម្មសិទ្ធិមនុស្សទៅក្នុងគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នដែលមិនទុកចោលនរណាម្នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

