រាជធានីភ្នំពេញ: គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ ការចូលរួមរបស់ពួកគេក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។
គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៦០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋា រចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
ការឆ្លើយតបបន្ទាន់របស់កម្ពុជាក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌នេះ បានបង្ហាញ ពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ានក្នុងពេលមានគ្រោះមហន្តរាយ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នៅប្រទេសមីយ៉ាន់ម៉ា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



