ភ្នំពេញ ៖ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃចន្ទ-អង្គារ-ពុធ ២-៣-៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចតទៅ៖
ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម
ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង
រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ
ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ
ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និង ជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋាន ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យបញ្ចូលលក្ខណៈជាខ្មែរ
ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែករវាងបន្ទប់ទឹក ប្រុស-ស្រី និងរក្សាឱ្យមានសុវត្ថិភាព
ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវ យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”
ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទទួលបានសេចក្តីណែនាំនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ ចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយការទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី







