នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១ និង ៣០ នាទី រសៀល គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៧ រ៉ិចទ័រ បានអង្រួនទីក្រុងបាងកក និងតំបន់ក្បែរនោះ។ ខណៈស្ថានភាពរញ្ជួយដីនេះ ត្រូវបានគេមានអារម្មណ៍ញ័ររង្គើយ៉ាងទូលំទូលាយ ហើយជាលទ្ធផល បានបណ្តាលឲ្យអគារសំណង់មួយកន្លែង បាក់រលំដ៏រន្ធត់។
ជាក់ស្តែង កម្មវិធីទូរទស្សន៍មួយ ដែលកំពុងចាក់ផ្សាយ ត្រូវបញ្ឈប់កម្មវិធីទាំងកណ្តាលទី បន្ទាប់ពីត្រូវបានកត់សម្គាល់ឃើញយ៉ាងច្បាស់ថា ស្ទូឌីយោកំពុងញ័ររង្គើពីការរញ្ជួយដី។ ភ្លាមៗនោះ ទាំងពិធីករ និងភ្ញៀវក្នុងកម្មវិធី មានការភ្ញាក់ផ្អើល និងស្លុតរន្ធត់យ៉ាងខ្លាំង។ តែសំណាងល្អ បន្ទាប់មក អ្នកគ្រប់គ្នារួមទាំងបុគ្គលិក ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។
ហេតុការណ៍ដ៏រន្ធត់នេះ បណ្តាញសង្គមបានចែកចាយវីដេអូឃ្លីបមួយ ដែលបង្ហាញពីការបាក់រលំសំណង់អគារដ៏ខ្ពស់សន្សឹមមួយ ដែលជាអគារកំពុងសាងសង់ ស្ថិតក្នុងសង្កាត់ Chatuchak។ អគារខ្ពស់ដែលមានអាងហែលទឹកនៅពីលើ បានញ័ររង្គើ បណ្ដាលឲ្យទឹកហូរហៀរបាចសាច លាយឡំបំណែកធូលីសំណង់ យ៉ាងផុសផុលតែម្តង។ ខណៈពេលនោះ មនុស្សជាច្រើនដែលភាគច្រើនជាកម្មករសំណង់ ត្រូវបានឃើញរត់ចាកចេញពីអគារទាំងភ័យស្លន់ស្លោយ៉ាងខ្លាំង រួមទាំងអ្នកនៅកន្លែងធ្វើការ ផ្ទះល្វែង និងផ្សារទំនើបក្បែរនោះផងដែរ។
ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុងបាងកក បាននិយាយថា យ៉ាងហោចណាស់ មានកម្មករចំនួន ៤៣ នាក់ កំពុងជាប់នៅក្នុងអគារដែលដួលរលំនោះ ដែលមានកម្ពស់ ៣០ ជាន់។
បើតាមមជ្ឈមណ្ឌលភូមិសះ GSZ របស់អាល្លឺម៉ង់ បាននិយាយថា គ្រោះរញ្ជួយដីនេះ គឺជាកម្រិតរាក់ទេ ១០ គីឡូម៉ែត្រ ប៉ុណ្ណោះ ជាមួយចំណុចរញ្ជួយកណ្តាល គឺកើតមាននៅឯប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាងប្រទេសថៃ។
គួរបញ្ជាក់ថា តំបន់បាងកកដ៏ធំនេះ គឺជាកន្លែងរស់នៅរបស់ប្រជាជនជាង ១៧ លាននាក់ ដែលភាគច្រើន ពួកគេរស់នៅក្នុងផ្ទះល្វែងខ្ពស់ៗ។ ខណៈគ្រោះរញ្ជួយដីកើតឡើង សំឡេងប្រកាសអាសន្ន បានលាន់លឺនៅក្នុងអគារ ហើយអ្នកស្រុកដែលមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោ ត្រូវបានជម្លៀសចេញតាមជណ្តើរនៃអគារខុនដូ ដោយសុវត្ថិភាព៕























