Tuesday, April 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ឯជនសង្ស័យម្នាក់ទៀតកាន់អាវុធខ្លីគេចខ្លួនបាត់

កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺព័ត៌មានជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

ចំពោះករណីខាងលើនេះ ជាករណី (ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ និងជនសង្ស័យ ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក ០១នាក់ទៀតរត់គេ.ចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះដើម្បីជិះគេចខ្លួន។

បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។

សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មានថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។

ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្តង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយមានហតុការណ៍នេះកើតឡើង និងមានការសុំសហការពីនគរបាលខេត្តកណ្តាល លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចេញពួនស្ទាក់ រហូតឃើញមុខសញ្ញាដែលភ្ជង់រថយន្តជនរងគ្រោះទី២ តែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់។

នៅពេលនេះកម្លាំងនគរបាលកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀត

សូមរំលឹកថា ជនល្មើសដែលភ្ជង់ជនរងគ្រោះមួយគ្រួសារនៅលើផ្លូវល្បឿនលឿន ហើយកំពុងគេចខ្លួនជាមួយកាំភ្លើងកាំភ្លើងខ្លីមួយដើមនោះ គឺជាមុខសញ្ញាចាស់ និងធ្លាប់ឆក់យ៉ាងសកម្មនៅភ្នំពេញ។

ជននេះធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្លាប់ចាប់ខ្លួន ហើយត្រូវតុលាការឃុំដាក់ពន្ធនាគារពីបទឆក់ តែពេលចេញមកវិញ ក៏បន្តសកម្មភាពដដែល ។

មន្រ្តីនគរបាលជំនាញបានវាយតម្លៃថា មុខសញ្ញាដែលប្រព្រឹត្តបទល្មើស ភាគច្រើនធ្លាប់ជាប់គុក និងធ្លាប់ធ្វើសកម្មភាពកន្លងទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី