ទោះបីជាកណ្តូបញី បានខាំខាច់ក្បាល ក៏កណ្តូបឈ្មោលនៅប្រឹងបន្តរួមសង្វាស់ ហើយបង្កកំណើតឲ្យពងរបស់មីញី។
ឆាណែលវិទ្យាសាស្ត្រ Diip Look នៃស្ថានីយ៍ KQED បានចែករំលែកកាយវិការរួមសង្វាសយ៉ាងចម្លែក នៃអម្បូរកណ្តូបសេះ Bordered mantis (Stagmomantis Limbata) នៅតំបន់ Eastern Sierra រដ្ឋ California អាមេរិក -នេះបើតាម Long Room ចុះផ្សាយព័ត៌មានពីម្សិលមិញ។
ក្នុងឃ្លីបនេះ កណ្តូបឈ្មោលនៅបន្តរួមសង្វាស ហើយបង្កកំណើតឲ្យពងក្រោយពេលមីញីបានខាំដាច់ក្បាលទៅហើយក្តី។ វាហាក់ដូចជាសុខចិត្តពលីខ្លួនប្រាណដើម្បីផ្តល់ឲ្យនូវថាមពលចាំបាច់សម្រាប់មីញីដែលត្រៀមក្លាយជាម្តាយ។ តាមអ្នកវិទ្យាសាស្ត្រខាងសត្វ និងជីវៈចម្រុះ Mike Maxwell ឲ្យដឹងគឺទម្លាប់បែបនេះ វាលើសពីទង្វើស៊ីសាច់របស់សត្វរួមអម្បូរទៅទៀត ហើយយើងតែងប្រទះឃើញនៅពពួកកណ្តូបនេះ។
ចំពោះអម្បូរ Stagmomantis កណ្តូបសេះញីច្រើនធំៗជាង ហើយវាយប្រហារលើកណ្តូបឈ្មោលដែលតូចៗជាង ពេលកំពុងបន្តពូជ។ កណ្តូបឈ្មោលមានឱកាសនៅមានជីវិតតិចតួចបំផុត ព្រោះតែកម្សោយកម្លាំង និងកំរិតគ្រោះថ្នាក់។ ពេលថតកៀកយើងសង្កេតឃើញមីញីខាំពាំក្បាលអាឈ្មោលយ៉ាងឆ្ងាញ់ពិសារ ទុកតែខ្លួនប្រាណប៉ុណ្ណោះ។
បន្ទាប់មកដងខ្លួនទាំងមូលដែលពុំមានក្បាលរបស់កណ្តូបនេះ អាចបន្តបានការរួមសង្វាសបន្តពូជ។ ខ្លួនប្រាណកណ្តូបឈ្មោលនៅបន្តលូនជុំវិញ ហើយឡើងជិះពីលើពីញី មុនពេលដាក់បញ្ចូលថង់ស្ពែមទៅក្នុងរាងកាយមីញី។ ប្រការនេះជាប្រព្រឹត្តទៅរួច ដោយសារតែសរសៃប្រសាទស្ថិតនៅពោះរបស់កណ្តូបសេះឈ្មោលបន្តត្រួតត្រាបានចលនារាងកាយ បង្ខំឲ្យអាឈ្មោលសម្រេចការបន្តពូជ។
ទង្វើសម្លាប់អាឈ្មោលក្នុងពេលបន្តពូជរបស់ពួកកណ្តូបសេះ ពិបាកទទួលយកណាស់ តែវាជាសកម្មភាពចាំបាច់។ ការបង្កើតពង ១០០ ហើយការអវិវឌ្ឍន៍នៃពងទាំងនេះ បានទាញយកថាមពលជាច្រើនរបស់មីញី។ វានឹង “សម្រាលពង” ចេញក្នុងដុំពពុះមួយហៅថា ស្រោមពង។ ដូច្នេះពលិកម្មរបស់អាឈ្មោលជាប្រការចាំបាច់ ដើម្បីបង្កើនលទ្ធភាពរស់រានមានជីវិតបានសម្រាប់ពូជពង្សបន្តរបស់វាឆ្លងតាមការផ្តល់បន្ថែមនូវ “អាហារបំប៉ន”។
Maxwell បកស្រាយបន្ត ៖ “នៅពេលដែលពងរបស់វាចាប់ផ្តើមញាស់នៅនិទាឃរដូវ នឹងមានកណ្តូបសេះឈ្មោល ជាច្រើនជំនួសឲ្យអាឈ្មោលដែលងាប់ទៅ។ កណ្តូបសេះមានជីវិតខ្លីណាស់ ហើយវាពុំអាចមានជីវិតផុតពីហេមន្តរដូវ ដែលចាប់ផ្តើមត្រជាក់។ ដូច្នេះទោះបីយ៉ាងណាអាឈ្មោលទាំងនោះក៏ត្រូវងាប់ដែរ៕