ភ្នំពេញ ៖ វិមានរដ្ឋសភា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី « បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយ ឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន» បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច មហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយផ្លែផ្កា និងជោគជ័យ នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលមានអ្នកពាក់ព័ន្ធជាតិ អន្តរជាតិជាច្រើនបានចូលរួម នៅក្នុងនោះ មានសមាជិកសមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកសភានៅក្នុង តំបន់អាស៊ាន ប្រតិភូមកពីវេទិកាអន្តរសភាក្នុងតំបន់ តំណាងអង្គការសុខភាពពិភពលោក ក្រសួង សុខាភិ បាល តំណាងក្រសួងពាក់ព័ន្ធ តំណាងវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) តំណាងអង្គការសុខភាពពិភពលោក (WHO) វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភា ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ៣០០នាក់។
នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃ រដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនពីចក្ខុវិស័យនិងបេសកកម្មរបស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយ ប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាពគឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុក ការប្រយុទ្ធនឹងជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្តារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។ លោកជំទាវ បន្ថែមថា ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃជំងឺមិនឆ្លងដល់ក្រុមប្រជាជនគោលដៅ ដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និងកម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និង ឧត្តមានុវត្តន៍។ សម្របសម្រួលកិច្ចសន្ទនារវាងអ្នកធ្វើគោលនយោបាយ ជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួង ពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ តំណាងយុវជន និងសហជីព និងរួមគ្នាស្វែងរក យុទ្ធសាស្ត្រនៃការបង្ការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើត អនុសាសន៍គោលនយោបាយសម្រាប់ ការតស៊ូមតិ សកម្មភាពរបស់សភា ក្នុងការចូលរួម ជំរុញគាំទ្រ លើកទឹកចិត្តរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ សុវត្ថិភាព សុខភាព ប្រកបដោយ ចីរភាព និងបរិយាបន្ន។
នៅក្នុងសុន្ទកថាគន្លឹះជូនអង្គសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤មាន
ត្រឹម៥២%។ ជំងឺមិនឆ្លងមានច្រើនប្រភេទដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម មហារីក និង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលបណ្តាលឱ្យស្លាប់៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ទោះយ៉ាងណាការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។
បើតាម ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានស្នើឱ្យសហគ្រាសបង្កើតសេវាសុខភាពបឋមនៅនឹងកន្លែង និងធ្វើការ ពិនិត្យសុខភាព បុគ្គលិកជាប្រចាំ ក៏ដូចជាការផ្សព្វផ្សាយសារអប់រំសុខភាពផងដែរ។ ការបង្ការនិងការអប់រំសុខភាព ត្រូវ កំណត់គោលដៅមនុស្សគ្រប់រូប ជាពិសេសចៀសវាង ឬកាត់បន្ថយការប្រើប្រាស់គ្រឿងស្រីវង ថ្នាំជក់ អាហារ ផ្អែមនិងកែច្នៃខ្ពស់ ភេសជ្ជៈប៉ូវកម្លាំង។ នៅចំពោះមុខភាពចម្រុះនៃបញ្ហាប្រឈមនេះ និងអន្តរាគមន៍ដែលត្រូវ រៀបចំ ត្រូវប្រកាន់យកវិធីសាស្ត្រសកល ស្របនឹងស្ថានភាពរបស់ប្រទេសនីមួយៗ។
នៅក្នុងឱកាសនេះដែរ តំណាងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) តំណាងវេទិកាសភាអាស៊ី ស្តីពី ប្រជាជន និងការអភិវឌ្ឍន៍ (AFPPD) និងតំណាងអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញពីចំណាប់ អារម្មណ៍ ដោយលើកឡើងពីការយកចិត្តទុកដាក់របស់ស្ថាប័នទាំងពីរ ក្នុងការរកមធ្យោបាយ ដើម្បី ទប់ស្កាត់ នឹងជំងឺមិនឆ្លង និងមានការពេញចិត្តក្នុងការរួមសហការជាមួយសភាសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជន សកម្ម និងយុវជន» ដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលនេះ ។
សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តី ស្នើច្បាប់នានា ដែលមានគោលដៅ ការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។ ជាក់ស្តែង ក្នុងនីតិកាល កន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និង ច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ ជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យ នៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើស ពីវិស័យសុខាភិបាល។
សម្តេចប្រធានរដ្ឋសភា បានរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៣ យើងក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដែលបានផ្តោតទៅលើប្រធានបទប្រហាក់ប្រហែលគ្នា គឺផ្តោតលើ ជំងឺមិនឆ្លង ហើយពេលនោះ សម្តេចបាន រំលេចនូវការធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃជំងឺមិនឆ្លង ព្រមទាំងវិធានការនានាដើម្បីបង្ការជំងឺមិនឆ្លង ក្រោមទិសស្លោក “ប្រជាពលរដ្ឋ មានសុខភាពល្អ កម្ពុជាបវររុងរឿង”។
ឆ្លៀតក្នុងឱកាសនេះសម្តេចរដ្ឋសភាធិបតី ក៏បានផ្តល់អនុសាសន៍ ចំនួន៦ចំណុច នៅក្នុងការចូលរួម ចំណែក សម្រាប់ការពិភាក្សា និងយកទៅអនុវត្តនៅក្នុងការគិតគូរដោះស្រាយបញ្ហាជំងឺមិនឆ្លងទាំងក្នុងកម្រិត ជាតិនិងកម្រិតអន្តរជាតិ ផងដែរ។
ឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា បានឡើងរាយការណ៍ពីលទ្ធផលនៃដំណើរ ការក៏ដូចជាសកម្មភាពនៃសិក្ខាសាលាថ្នាក់តំបន់នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងអនុសាសន៍របស់ ថ្នាក់ដឹកនាំ សភាក៏ដូចជាកាធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ និងតំណាងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងតំបន់អាស៊ាន។ អង្គសិក្ខាកាមក៏បានសម្តែងការគាំទ្រនិងចូលរួមលើកឡើងនូវមតិយោបល់ ជាសំណួរផង និងផ្តល់ជាអនុសាសន៍ផង ទៅលើកិច្ចពិភាក្សាចំនួន២វគ្គ ដែល៖
-កិច្ចពិភាក្សាវគ្គទី១ ស្តីពី «ដំណើការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុង ការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្ត្រ» ដែលមានបទបង្ហាញចំនួន២ គឺ៖
១-បទបង្ហាញ ស្តីពី ការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការ ការពារជំងឺមិនឆ្លង ប្រឆាំងនឹងការបម្រែបម្រួលប្រជាសាស្ត្រ ដោយតំណាងក្រសួងសុខាភិបាល។
២-បទបង្ហាញ ស្តីពី តួនាទីសភាក្នុងការបង្ការ និងការតស៊ូមតិគោលនយោបាយ ក្នុងបរិបទនៃ ការកើនវ័យប្រជាសាស្ត្រ ដោយនាយកផ្នែកសុខភាពបរិស្ថាន និងប្រជាជន នៃការិយាល័យអង្គការសុខ ភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
- កិច្ចពិភាក្សាវគ្គទី២ ស្តីពី «ស្ថានភាពនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងតួនាទីរបស់ សភា ក្នុងការចែករំលែកអំពីវិធានការការពារជំងឺមិនឆ្លង៖ បទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់» ដែលមានបទបង្ហាញពីសមាជិកសភា អញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
សរុបសេចក្តីមក សិក្ខាសាលាថ្នាក់តំបន់នេះ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើន ឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល។ អនុសាសន៍គោលនយោបាយជាក់ ស្តែងមួយចំនួនត្រូវបានស្នើឡើង រួមជាមួយនឹងផែនការ សកម្មភាពជាក់ស្តែង និងយុទ្ធនាការដូចជា “ប្រជា ជនមានសុខភាពល្អ កម្ពុជាបវរ រុងរឿង” (“Healthy Life, Healthy Cambodia”)។ ជំងឺមិនឆ្លងគឺជាបញ្ហា ឆ្លងវិស័យ ពហុវិមាត្រ និងស្មុគស្មាញ ដោយវាទាមទារដំណោះស្រាយជាប្រព័ន្ធ កិច្ចសហប្រតិបត្តិ ការឆ្លង វិស័យ និងវិធីសាស្ត្រពហុភាគីនៅកម្រិតជាតិ តំបន់ និងពិភពលោក។ ការដោះស្រាយបញ្ហាជំងឺមិនឆ្លងត្រូវ មានលក្ខណៈចរិតវិទ្យាសាស្ត្រ ចរិតសង្គម ចរិតវប្បធម៌ ចរិត សេដ្ឋកិច្ច និងចរិតនយោបាយ។ នីតិប្បញ្ញត្តិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាជំងឺមិនឆ្លង ជាពិសេសតាមរយៈការអនុម័តច្បាប់ ការពង្រឹង ការតាមដានការត្រួតពិនិត្យ ការបង្កើនការបែងចែកថវិកាលើការថែទាំសុខភាព និងការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការឆ្លងវិស័យ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទ អង្គសិក្ខាសាលា ថ្នាក់តំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ដើម្បីជាប្រយោជន៍ ដល់ប្រជាជនលើបញ្ហាសុខភាព យើងត្រូវរួមគ្នា អនុវត្តគោលនយោបាយ សុខភាពសាធារណៈរបស់ប្រទេសរៀងៗខ្លួន។ ជាទូទៅ សមាជិកសភា មានមុខងារ ៣ គឺការអនុម័តច្បាប់ ការតាមដាន និងត្រួតពិនិត្យការ អនុវត្តច្បាប់ និងមុខងារតំណាង។ ជោគជ័យនៃការ អនុវត្តគោលនយោបាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងសភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន និងពេលខ្លះត្រូវការកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃព្រឹទ្ធសភា ក៏បានមានប្រសាសន៍លើកឡើងពី ការកើតជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យចម្បងប្រាំរួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ ខ្លាញ់) កង្វះ សកម្មភាពរាងកាយ ការប្រើ ប្រាស់ផលិតផលថ្នាំជក់ ភេសជ្ជៈថាមពល និងគ្រឿងស្រវឹង ប្រកបដោយគ្រោះ ថ្នាក់ ដោយ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ផ្នែកមួយនៃដំណោះស្រាយបញ្ហាសុខភាព គឺការអប់រំប្រជាពលរដ្ឋ ឱ្យចេះ និងចេះស្រាវជ្រាវ លើការថែទាំសុខភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី








