Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ៖ ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា យោងស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រថៃឡង់ដ៍, យោងជំនួបទ្វេភាគីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃឡង់ដ៍ អំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (ALMM) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និង ជំនួបទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ថៃឡង់ដ៍ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន សូមបងប្អូនពលករខ្មែរអនុវត្តដូចខាងក្រោម៖

  • ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
  • ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ថ្លៃសិពីការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit)
  • ត្រូវធ្វើដំណើរចូលប្រទេសថៃវិញយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ករណីធ្វើដំណើរ ចូលប្រទេសថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បងប្អូនត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃ សេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា បើមិនដូច្នេះ ទិដ្ឋាការការងារ (Non-Immigration L-A Visa) របស់ បងប្អូនពលករខ្មែរនឹងអស់សុពលភាព។

បន្ថែមលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថានឯកអគ្គរាជទូតកម្ពុជា/អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើត អំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកស្ថានឯកអគ្គរាជទូត/អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈទូរសព្ទលេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៦២ ០៨៩ ៨៩១៨ និង +៦៦ ៩២ ២៩៩ ០១៣៣ ឬតាមរយៈប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាលេខ “១២៨៦” ឬ “១២៩៧” ឬលេខទូរសព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrant Worker ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនពរដល់បងប្អូនពលករខ្មែរធ្វើដំណើរប្រកបដោយ សុវត្ថិភាពពីតំបន់ផ្សេងៗ នៃប្រទេសថៃមកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជាទៅស្រុកកំណើត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី