Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ចាមកំណត់ឲ្យរៀបចំសង្ក្រាន្តចូលឆ្នាំតាមស្រុក-ក្រុងទាំង១០

ខេត្តកំពង់ចាម: “ក្រណាត់សឹងគឺបានចែកជូនដល់បងប្អូនដែលបានចូលរួមចំនួន ៥០០នាក់ សម្រាប់កាត់ស្លៀកដើម្បីចូលរួមសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ថ្ងៃខាងមុខ” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តលើកឡើងក្នុងឱកាសប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅបន្តរបស់សាខានារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍសមាគមនារីកម្ពុជា នៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី០១មេសាឆ្នាំ២០២៥។ ជាមួយនោះមានការចូលរួមពីសំណាក់ប្រធានអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ឯកឧត្តម
ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងថា: កត្តាសំខាន់បំផុតត្រូវតែពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់សមាគមនារីកម្ពុជាសាខាខេត្តកំពង់ចាមឱ្យកាន់តែរឹងមាំឡើងក្នុងគោលដៅឆ្នាំ២០២៧និង២០២៨។ជាមួយនោះក្នុងនាមថ្នាក់ដឹកនាំត្រូវតែចេះគិតគូរលើការងាររបស់ខ្លួនដោយរៀបចំផែនការច្បាស់លាស់ ដើម្បីឲ្យមានដំណើរការរីកចម្រើនទៅមុខ ។ជាមួយនោះមន្ទីរទេសចរណ៍ត្រូវសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈត្រូវធ្វើការស្រាវជ្រាវនៅតាមទីវត្តអារាមក្នុងខេត្តកំពង់ចាម ស្រង់ទិន្នន័យស្ត្រីចំនួនប៉ុន្មាននាក់ដែលបានអញ្ជើញមកវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកសឹង ភារម្យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានឲ្យដឹងថាជុំវិញប្រវត្តិឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគឺជាប្រពៃណីមួយដែលបានបន្សល់ទុកតាំងតែពីបុរាណកាលដ៏យូរលង់បន្តរហូតមកដល់សព្វថ្ងៃនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរប្រុសស្រីនៅតែប្រកាន់ខ្ជាប់ខ្ជួន ដែលមិនអាចខ្វះបានហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខចំនួន៣ថ្ងៃនៅតាមអារាម៣៧៨កន្លែង និងមានរៀបចំសង្ក្រាន្តគ្រប់វត្តតែម្ដង។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ រយះពេល៣ថ្ងៃខាងមុខ ដោយចាប់ផ្ដើមពីថ្ងៃទី១៤-១៥-១៦មេសា ឆ្នាំ២០២៥ សម្រាប់កម្មវិធីរៀបចំនៅទីក្រុងកំពង់ចាម ដោយរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួនក្នុងនោះរួមមានដូចជា÷
*ពិធីសែនក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន នៅព្រឹកថ្ងៃទី១៣មេសា
*ពិធីដង្ហែរូបសំណាក់ពស់ធំកម្ពស់៣,៦០ ម៉ែត្រ មកតម្កល់នៅសួនស្មៅមុខសាលាខេត្ត និងប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ មេសា។
*ពិធីទទួលទេវតានៅមុខសាលាខេត្តនាព្រឹកថ្ងៃទី១៤មេសា
*ការប្រកួតប្រដាល់គុនខ្មែររយៈពេល ២ថ្ងៃ
*កំសាន្តល្បែងល្បាំប្រជាប្រិយ
*តន្ត្រីនិងរាំលេងកំសាន្ត
*តាំងពិព័រណ៍ផលិតផល
*ពិធីស្រង់ព្រះនៅមុខសាលាខេត្ត
តន្ត្រីខ្នាតយក្ស។
*ដោយឡែកសង្ក្រាន្តនៅតាមស្រុកទាំង ៩ផ្សេងទៀតក៏នឹងរៀបចំប្រតិការណ៍កម្សាន្តសប្បាយនៅតាមរមណីយដ្ឋាននិងតាមបណ្ដាវត្តអារាមរយៈពេល៣ថ្ងៃដូចគ្នាក្នុងនោះមាន÷
១.ស្រុកកំពង់សៀមនិងរៀបចំសង្ក្រាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យនិងភ្នំហាន់ជ័យ។
២.ស្រុកព្រៃឈរនិងរៀបចំសង្ក្រាន្តនៅរមណីយដ្ឋានប្រាសាទទឹកឆា
៣.ស្រុកកងមាសនិងរៀបចំសង្ក្រាន្តនៅវត្តកោះតាងោ
៤.ស្រុកជើងព្រៃនិងរៀបចំសង្ក្រាន្តនៅវត្តស្ដើងជ័យ
៥.ស្រុកបាធាយនិងរៀបចំសង្ក្រាន្តនៅវត្តគិរីបុប្ផារាមហៅវត្តបាធាយ។
៦.ស្រុកចំការលើនិងរៀបចំសង្ក្រាន្តនៅវត្តភ្នំទែតក្នុង
៧.ស្រុកកោះសូទិននិងរៀបចំសង្ក្រាន្តនៅវត្តមហាលាភ
៨.ស្រុកស្រីសន្ធរនិងរៀបចំសង្ក្រាន្តនៅវត្តកោះកែវ ស្រុកស្រីសន្ធរនិងមានកម្មវិធីប្រណាំងរទេះគោ-ក្របី នៅឃុំបារាយណ៍។
៩.ស្រុកស្ទឹងត្រង់និងរៀបចំសង្ក្រាន្តនៅវត្តស្ទឹងត្រង់។
ជាមួយនោះថ្នាក់ដឹកនាំខេត្តបានរៀបចំកម្លាំងនគរបាលអាវុធហត្ថទាហានប្រជាការពាររាប់ពាន់នាក់ពង្រាយតាមគោលដៅសំខាន់ៗដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋនៅតាមទីតាំងរមណីយដ្ឋាននិងដងផ្លូវមួយចំនួន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី