Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង!

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះសម្រាប់រយៈពេល ១ ឆ្នាំក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបានកត់ត្រាឃើញថាមានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅកម្ពុជា ភាគច្រើនគឺកើតចេញពីក្រុមជនអគតិមួយចំនួននៅក្រៅប្រទេស ដែលមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ហើយចរិត ឬក៏គោលបំណងក្នុងការបង្កើតព័ត៌មានក្លែងក្លាយទាំងឡាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង និងទម្លាក់ជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នាព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន និស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតាមប្រព័ន្ធវីដេអូ Zoom មានអភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកព័ត៌មាន សមាជិកអ្នកនាំពាក្យរាជធានី ខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សរុបប្រមាណ ១ ០០០ នាក់ ។

ឯកឧត្តម នេត្រ ភក្រ្ដា បានមានប្រសាសន៍ថា៖ «ចំពោះដំណឹងក្លែងក្លាយ (Fake News) ត្រូវបានគេបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភាន់ ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេងជាដើម ហើយផ្សព្វផ្សាយនៅលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល ។ រាល់ពេលប្រើបណ្តាញសង្គម ត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលអាចកើតឡើង។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូលលើបណ្ដាញទំនាក់ ទំនងសង្គម TikTok Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី