កាលពីយប់អាធ្រាត ថ្ងៃទី៣០ សីហា កន្លងទៅថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តូចមួយ ស្ថិតនៅចំណុចភ្លើងស្តុបមួយកន្លែងនៅក្នុងប្រទេស ប៉ុន្តែ វាបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកដំណើររថយន្ត១គ្រឿង ជាពិសេសស្ត្រីម្នាក់ដែលបានបង្កឲ្យកើតមានហេតុការណ៍នេះឡើង ព្រោះតែនាងមិនត្រឹមតែពុំបង្ហាញកាយវិការទទួលខុសត្រូវប៉ុណ្ណោះទេ គឺសូម្បីតែពាក្យសុំទោសមួយម៉ាត់ ដល់ជនរងគ្រោះក៏គ្មានដែរ ពោលគឺនាងបានដើរចេញធ្វើយ៉ាងព្រងើយតែម្តង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តតូចគ្រឿងដែលមានអ្នកដំណើរប្រុស២ស្រី២ជិះនៅលើនោះ បានបើកមកឈប់អែបនឹងចិញ្ចើមផ្លូវ ជាប់នឹងភ្លើងស្តុបមួយ ស្ថិតនៅមុខសណ្ឋាគារ Value តាមបណ្តោយផ្លូវ Balestier (ថៃ) ។ ភ្លាមៗនោះ ស្ត្រីម្នាក់អង្គុយនៅកៅអីខាងមុខផ្នែកខាងស្តាំ ក៏បានបើកទ្វារចុះ ប៉ុន្តែ ដោយសារតែនាងមិនមានការប្រុងប្រយ័ត្ន នឹងយានយន្តដទៃទៀត ចូលមកដល់ ជាហេតុធ្វើឲ្យអ្នកជិះកង់ដឹករបស់របរពេញមួយកង់ ត្រូវជួបគ្រោះថ្នាក់ដួលទៅនឹងដីតែម្តង បន្ទាប់ពីកង់របស់គាត់ត្រូវប៉ះទង្គិចនឹងទ្វាររថយន្តដែលបើកមិនប្រយ័ត្ន ។ សំណាងហើយ ដែលបុរសអ្នកជិះកង់នោះ អាចចៀសផុតពីគ្រោះថ្នាក់ ខណៈរថយន្តផ្សេង១គ្រឿងទៀតក៏ចូលមកដល់ ។
ទោះយ៉ាងណា បន្ទាប់ពីស្ត្រីរូបនេះពុំយកភ្នែកមើលជនរងគ្រោះក្រីក្រ និងបែរជាដើរទៅសន្ទនាជាមួយគ្នីគ្នារបស់ខ្លួនយ៉ាងព្រងើយ នៅពេលនោះ បុរសបរទេសវ័យចំណាស់ម្នាក់ ត្រូវបានឃើញចុះពីរថយន្ត និងជួយលើកកង់របស់បុរសរងគ្រោះ ហើយគាត់ក៏បានសុំទោសជំនួសនាងនោះផងដែរ ៕ ឧត្តម (coconuts)