ភ្នំពេញ ៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ រៀបចំឡើងដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលវិស័យអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានសេចក្តីត្រូវការជាចាំបាច់ដើម្បីដាក់អនុវត្ត “គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥” ដែលជាក្របខ័ណ្ឌមួយនៃផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល។ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពធន់ តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុក តំបន់ និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។ ជាពិសេស គោលនយោបាយជាតិនេះ ផ្តោតសំខាន់លើ ១. នឹងខិតខំអនុវត្តជាបន្តនូវគោលនយោបាយ “បើកចំហជើងមេឃ” ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញក្នុងឆ្នាំ១៩៩៩ ហើយបាននិងកំពុងធ្វើឱ្យមានការរីកចម្រើនដល់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ព្រមទាំងជួយជំរុញការតភ្ជាប់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងស្រុកនិងអន្តរជាតិ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ។ ២. នឹងបន្តជួយគាំទ្រឱ្យកាន់តែរឹងមាំបន្ថែមទៀតដល់លទ្ធផលជាវិជ្ជមាន នៃការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនោះ បានតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស និងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ ឬភ្ជាប់ជើងហោះហើរទៅកាន់រាជធានី/ទីក្រុង ចំនួន ៣៤ ក្នុងតំបន់និងសកលលោក តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន ដោយមានអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៦,២៤លាននាក់ កំណើន ២២% និងទំនិញតាមផ្លូវអាកាស ចំនួន ៧៧,៨ពាន់តោន កំណើន ៤០%បើប្រៀបធៀបឆ្នាំ២០២៤ និងឆ្នាំ២០២៣។ ៣. នឹងបន្តជួយគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលដែលបានសាងសង់រួច ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ អង្គរ-សៀមរាប និងតារាសាគរ ជាដើម។ គោលនយោបាយជាតិនេះ ក៏មានបំណងសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ២៥លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចំនួន ២០៥ពាន់តោន ក្នុងឆ្នាំ២០៣៥ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧ រួមមាន ១. សេរីភាវូបនីយកម្មសិទ្ធិហោះហើរ គោលដៅហោះហើរ និងចំណុះដឹកជញ្ជូន។ ២. សេរីភាវូបនីយកម្មនៃសញ្ជាតិលើម្ចាស់ភាគហ៊ុន និងការគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍។ ៣. សេរីភាវូបនីយកម្មសេវាកម្មគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស។ ៤. ការប្រកួតប្រជែងស្មើភាព និងតម្លៃសេវាកម្មប្រកួតប្រជែង។ ៥. ការសម្របសម្រួល និងការប្រើប្រាស់បច្ចេកវិទ្យា។ ៦. សមាហរណកម្មគោលនយោបាយជាតិនេះ ជាមួយនឹងគោលនយោបាយទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ និង៧. ការពង្រឹងគុណភាពសេវាកម្ម និងកិច្ចគាំពារអ្នកដំណើរតាមផ្លូវអាកាស។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលនយោបាយជាតិនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា នឹងមានការរីកចម្រើនយ៉ាងខ្លាំង ដោយជំរុញការតភ្ជាប់ទីផ្សារអាកាសចរណ៍ក្នុងស្រុកនិងអន្តរជាតិ និងធានាបាននូវចីរភាពនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

