ខេត្តកំពង់ចាម: ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តនៅលើកំណត់ផ្លូវមួយក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ហេតុការណ៍នេះបណ្ដាលឱ្យនិស្សិតពេទ្យពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តដឹកដីបានបើករត់គេចខ្លួន ក្រោយមកនិស្សិតស្រីទាំងពីរនាក់បងប្អូនបានស្លាប់ ក្នុងពេលបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។ករណីនេះត្រូវភាគីរងគ្រោះប្ដឹងទាមទារសំណងចំនួន១០ម៉ឺនដុល្លារ។
តាមមន្ត្រីជំនាញចរាចរណ៍បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៦មេសាឆ្នាំ ២០២៥ថា: បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវឈានស្គាល់អត្តសញ្ញាណថៅកែម្ចាស់រថយន្តដឹកដីនោះនឹងបានទទួលស្គាល់ថាជារថយន្តរបស់ខ្លួនទៀតផង។
ជំនាញចរាចរណ៍បានបន្តឲ្យដឹងទៀតថាសពនិស្សិតស្រីពីរនាក់បងប្អូនត្រូវបានក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ធំ។
ក្រោយពីបុណ្យរួចសាច់ញាតិរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមដោយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ ជាមួយនោះសមត្ថកិច្ចបានហៅភាគីទាំងសងខាងមកដោះស្រាយលើកទីមួយដោយភាគីម្ចាស់រថយន្តព្រមបង់ចំនួន៤០០០ ដុល្លារ តម្លៃនេះមិនត្រូវរ៉ូវគ្នា ក៏បានមកដោះស្រាយជំហានលើកទី២ ដោយភាគីម្ចាស់រថយន្តបានយល់ព្រមបង់ចំនួន៧ ០០០ដុល្លារ តែភាគីរងគ្រោះមិនទទួលយក។ ជំនាញចរាចរណ៍មិនមែនអើពើនិងករណីនោះទេ ព្រោះបានធ្វើការស៊ើបអង្កេតស្វែងរកអ្នកបើកបររថយន្តដោយដឹងថាក្រោយហេតុការណ៍តៃកុងបានបើកមកស្រុកកំណើតនៅស្រុកព្រៃឈរ ក្រោយមកទៀតក៏បានបើករថយន្តនោះគេចខ្លួនពុំដឹងទៅដល់ទីណានោះទេមកដល់ពេលនេះ។ ចំពោះករណីទាមទារពីភាគីរងគ្រោះសមត្ថកិច្ចនិងធ្វើការសម្របសម្រួលនៅជំហានទី ៣ទៀត ដោយមិនដឹងពេលណាពិតប្រាកដនៅឡើយ។
គួររំលឹកថា បើតាមជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩មីនាថា:និស្សិតស្រីពីរនាក់បងប្អូនដែលមានស្រុកកំណើតនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានមករៀនជំនាញនៅសាលាពេទ្យមួយក្នុងក្រុងកំពង់ចាមដោយទាំងពីរនាក់បងប្អូនបានជិះម៉ូតូចេញពីផ្ទះឈ្នួលមួយកន្លែង ដើម្បីទៅកាន់សាកលវិទ្យាល័យ ដែលពួកគេរៀនស្របពេលដែលជិះឆ្លងផ្លូវមិនទាន់ផុតផងត្រូវបានរថយន្តដឹកដី បើកមកបុកនិងកិនពេញទំហឹង។កាលពីវេលាម៉ោង៧និង៣៤នាទីព្រឹកថ្ងៃទី២៨មីនាឆ្នាំ២០២៥។នៅក្នុងហេតុការណ៍នេះបណ្ដាលឱ្យនិស្សិតទាំងពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ បន្ទាប់មកកម្លាំងជំនាញចរាចរណ៍ក្រុងកំពង់ចាម បានចុះមកដល់និងហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែករថយន្តវិញបានបើករត់គេចខ្លួនបាត់ស្រមោល ទោះជាយ៉ាងណាជំនាញបានស្រាវជ្រាវដឹងអត្តសញ្ញាណហើយ។
ជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការស្រាវជ្រាវដោយទទួលបញ្ជាពីលោកវរសេនីយ៍ឯកអុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យនគរបាលទទួលផែនសណ្ដាប់ធ្នាប់ធ្វើការស្រាវជ្រាវទីបំផុតក៏ដឹងអត្តសញ្ញាណរថយន្តនោះតែរថយន្តបានបើកទៅលាក់ទុកនៅទីណាមួយ។ ជាមួយនោះថៅកែរថយន្តទឹកដីបានទទួលស្គាល់ថាជារថយន្តរបស់ខ្លួន តែគួរឱ្យអាណិតនិស្សិតពេទ្យទាំងពីរនាក់បងប្អូនក្នុងនោះបងរៀននៅឆ្នាំទី៣ ចំណែកប្អូនស្រីវិញរៀនឆ្នាំទី១ បានស្លាប់នៅវេលាម៉ោងជាង៦ ល្ងាចថ្ងៃដដែលទី២៨មីនា ក្នុងហេតុការណ៍នេះគឺម្នាក់បាក់ជើងនិងម្នាក់ទៀតបែកប្លោកនោម។សូមបញ្ជាក់ថាអ្នករងគ្រោះជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1J-7132 បើកបរដោយឈ្មោះប្រាជ្ញ ចន្ទ្រា ភេស្រីអាយុ២១ឆ្នាំ រួមដំណើរជាមួយនឹងម្នាក់ទៀតឈ្មោះប្រាជ្ញ ចិន្រ្តា ស្រីអាយុ១៨ឆ្នាំ ជាប្អូន ដោយពាក់មួកសុវត្ថិភាពទាំងពីរនាក់។ រថយន្តដែលបង្កហេតុម៉ាកScania ពណ៌សបិទស្គុតផ្ទៃមេឃពាក់ស្លាកលេខស្វាយរៀង3A-1660 បើកបរដោយឈ្មោះដា មិនស្គាល់អាសយដ្ឋាន ឱ្យមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែអ្នកបើកបររថយន្តបើកខុសទិសចរាចរណ៍និងបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន។ សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះជំនាញចរាចរណ៍ក្រុងកំពង់ចាមកំពុងតែបន្តការងារស៊ើបអង្កេតរបស់ខ្លួនដើម្បីស្វែងរកអ្នកបើកបររថយន្តបង្កហេតុតាមចាប់ខ្លួនមកចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




















