Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខាចំនួន ៥ ជាការជំរុញសមាហរណកម្ម ពាណិជ្ជកម្មផ្លូវទឹកដ៏សំខាន់របស់កម្ពុជា ទៅកាន់តំបន់ និងពិភពលោក

កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខា រួមមាន ÷
១. កិច្ចសន្យាភាពជាដៃគូរវាង រដ្ឋ និងឯកជន  ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ទទួលបានសិទ្ធិប្រទាន ធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយ លោក​ អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ,
២. កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ,
៣. កិច្ចព្រមព្រៀងវិនិយោគ , ៤. កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ , និង
៥. កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ ជាអធិបតី និងហត្ថលេខី រួមជាមួយ លោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) , និងមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ​ និងសមាជិក សមាជិកា នៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះ ត្រូវបានអនុវត្តក្រោមការឯកភាពដ៏សំខាន់ រវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ហើយត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ក៏ដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ, ផ្លូវទឹកមួយខ្សែនេះ នឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន : ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះ រួមមាន : ការងារស្តារទន្លេ , ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក , ការសាងសង់ទំនប់ការពារច្រាំងទន្លេ , ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក។

ផ្ដល់ជាប្រយោជន៍មកវិញ គឺការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន, បង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ, ក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក រួមមាន : ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN